(ស្វាយរៀង)៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) នៅខេត្តកំពង់ចាម ហើយបានរត់មកភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយពីឃាត់ខ្លួនរួច សមត្ថកិច្ចបានឆែកឆេរ និងដកហូតម៉ូតូបានចំនួន១០គ្រឿង និងរថយន្ត១គ្រឿង។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រវាងស្នងការដ្នានគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំពីលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យសៅ ស៊ីដាត ហៅឆោះ អាយុ១៧ឆ្នាំ រស់នៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងឈ្មោះ សៅ ប៊ុន្នី ហៅតឿ អាយុ៣០ឆ្នាំ រស់នៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក។

ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) នៅខេត្តកំពង់ចាម ហើយបានរត់មកភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយពីឃាត់ខ្លួនរួច សមត្ថកិច្ចបានឆែកឆេ ត្រួតពិនិត្យលទ្ធផល ដោយដកហូតម៉ូតូបានចំនួន១០គ្រឿង រួមមាន៖

*ម៉ាកហុងដាសេ ១២៥ ចំនួន៩គ្រឿង
*ម៉ាកស៊ុមម័រអ៊ិចចំនួន១គ្រឿង ក្នុងនោះម៉ូតូរបស់ជនរងគ្រោះចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ និងដកហូតរថយន្ដមួយគ្រឿង ម៉ាកឡិចស៊ីស ៣៣០ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AP-3890 គ្មានលិខិតស្នាមរបស់ជនសង្ស័យ ដែលជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើសបច្ចុប្បន្ន រថយន្ដចំនួន១ គ្រឿង និងម៉ូតូចំនួន១០គ្រឿង រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីស្រាវជ្រាវបន្តទៅតាមនីតិវិធីច្បាប់។

ចំពោះជនសង្ស័យ២នាក់ និងម្ដាយរបស់ជនសង្ស័យ បាននាំខ្លួនទៅការិយាល័យជំនាញ ដើម្ដើម្បីធ្វើការសាកសួរបន្ត៕