(កណ្តាល)៖ លោក ហ៊ឹង សុធី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្តកណ្តាល បានលើកឡើងថា ដើម្បីកាត់បន្ថយទំនាស់ដីធ្លី និងឈានដល់លុបបំបាត់ទាំងស្រុង នូវទំនាស់ដីនៅតាមបណ្ដា ក្រុង ស្រុក ក្នុងខេត្តកណ្ដាល មេឃុំ ចៅសង្កាត់ និងមេភូមិទាំងអស់ចាំបាច់ត្រូវយល់ដឹង ពីនិតិវិធីរបស់ជំនាញ សុរិយោដី និងច្បាប់នានា ដើម្បីងាយស្រួលក្នុងការពន្យល់ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនិតិវិធីរបស់គណៈកម្មការសុរិយោដី ជូនមេឃុំ មេភូមិ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅស្រុកអង្គស្នួល ខេត្តកណ្តាល លោក ហ៊ឹង សុធី បានបន្តថា ដោយសារការផ្សព្វផ្សាយច្បាប់នៅមានកម្រិត ប្រជាពលរដ្ឋមានការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋាននានា ក៏នៅមានកម្រិតដែរនាំឱ្យការអនុវត្តន៍ ច្បាប់ និងបទដ្ឋាននានាមិនបានត្រឹមត្រូវដូចជាការទិញ-លក់ ជួល ដាក់បញ្ចាំ ដាក់ធានា និងបែងចែកបន្តមរតកជាដើម គឺធ្វើឡើងដោយពុំមានលិខិតបញ្ជាក់ជាផ្លូវការ ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ដែលបញ្ហាទាំងអស់នេះ ជាមូលហេតុធ្វើឱ្យទំនាស់កើតមានឡើង។

លោកបន្ថែមថា ម្យ៉ាងវិញទៀត គឺតម្រូវការទាំងនេះហើយ ដែលធ្វើឱ្យពួកគេចូលទៅកាន់កាប់ដីធ្លីរបស់រដ្ឋ ដោយគ្មានការអនុញ្ញាត។ ដូច្នេះជាដំណោះស្រាយក្រសួងត្រូវតែ បណ្តុះបណ្តាលក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីធ្វើការដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋ ដោយអនុញ្ញាតឱ្យក្រុមប្រឹក្សា ឃុំ- សង្កាត់ អាចដោះស្រាយដីណាដែលពុំមាន ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់លើអចលនវត្ថុ ដោយអនុញ្ញាតឱ្យមានសិទ្ធិត្រឹមសម្រុះសម្រួលប៉ុណ្ណោះ ហើយបើក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ បានដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋបានមានន័យថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មានឆន្ទៈចូលរួមកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ស្រុក បានកោតសរសើរចំពោះគណៈកម្មការសុរិយោដី ថ្នាក់ស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំ និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិឃុំ ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួនគ្រប់សកម្មភាពនៃការចុះបញ្ជីដីធ្លី និងការសម្របសម្រួលនិតិវិធីនៃការកាន់កាប់ និងប្រើប្រាស់ដីធ្លី ជូនពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។

លោកបន្តថា កន្លងមកនិតិវិធីមួយចំនួនតូចត្រូវបានអនុវត្តទៅតាមទម្លាប់ និងរបៀបរបបបំពេញការងារបន្តវេនរបស់ឃុំ ភូមិ ប៉ុន្តែថ្ងៃនេះយើងមានឱកាសជួប ជាមួយលោក គ្រូឧទ្ទេសដែលមានជំនាញទាំងបច្ចេកទេស និងនិតិវិធីច្បាប់ ដែលអាចជាកញ្ចក់ ឫជាប្រទីបសម្រាប់បង្ហាត់បង្ហាញផ្លូវឲ្យបានច្បាស់លាស់ និងត្រឹមត្រូវទៅតាមនិតិវិធីច្បាប់ និងការងារបច្ចេកទេស។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមារយៈពេល១ថ្ងៃ ហើយខ្លឹមសារមេរៀនមាន៖ តួនាទី ភារកិច្ច របស់អាជ្ញាធរឃុំ ក្នុងការដោះស្រាយទំនាស់ដីធ្លី, ខ្លឹមសារសំខាន់ៗ នៃច្បាប់ភូមិបាល, របៀបនៃការដោះស្រាយទំនាស់ដីធ្លី, សំណួរ-ចម្លើយ និងការសម្តែងតួស្តីពីការសម្រុះសម្រួល៕