(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីប្រគល់ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់នាយកល្អ និងគ្រូឆ្នើមចំនួន១៥នាក់នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា កន្លងមកមានតែលោកគ្រូ អ្នកគ្រូក្នុងខេត្តកំពង់ចាម ដែលបានទទួលពានរង្វាន់ច្រើនជាងតាមបណ្ដាលខេត្តផ្សេងៗទៀត រួមទាំងក្នុងពេលនេះ សម្រាប់ខេត្តកំពង់ចាម បានទទួលនូវពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនោះមាននាយកល្អចំនួន៥នាក់, គ្រូល្អចំនួន៣នាក់, គ្រូឆ្នើមភាសាខ្មែរចំនួន៤នាក់ និងគ្រូឆ្នើមគណិតចំនួន៣នាក់ផងដែរ។

លោកបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា ខណៈដែលពិភពលោករួមជាមួយកម្ពុជាយើងផងដែរ ដែលកើតមានជំងឺកូវីដ១៩ ក្រោមវិធានការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានធ្វើឲ្យប្រទេសកម្ពុជាយើង មានអ្នកឆ្លងជំងឺកូវីដ១៩នេះ ចំនួនតិចតួចជាងគេនៃប្រទេសក្នុងតំបន់។

ទន្ទឹមនឹងនេះដែរ ក្នុងកំឡុងពេលប្រទេសជាតិកំពុងប្រើវិធានការដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មានបាននបង្កើតឲ្យសិស្សបានសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញ និងបង្កើត ទូរទស្សន៍តាមផ្កាយរណបមួយ ដើម្បីឱ្យសិស្សដែលនៅតំបន់ដាច់ស្រយាលគ្មានប្រព័ន្ធអ៊ីនធឺណិតបានសិក្សាតាមទូរទស្សន៍នោះផងដែរ៕