(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបម្រុងចំណាយថវិកាប្រមាណ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ដែលថវិកាទាំងនោះមួយចំនួនបានបញ្ចេញផ្តល់ដល់កម្មករនិយោជិត និងក៏ត្រូវផ្តល់គ្រួសារក្រីក្រនៅពេលឆាប់ៗខាងមុខនេះដែរ។

នេះបើតាមការបញ្ជាក់របស់ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់ពិធីប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធអនឡាញ)។

ឆ្លើយតបនឹងសំនួរ ចោទសួរជុំវិញកញ្ចប់ថវិកាជាតិ ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច, លោក មាស សុខសេនសាន បានបញ្ជាក់ថា «ឥឡូវនេះ គិតជាត្រួសៗ យើងបានបម្រុងចំណាយប្រមាណ១ពាន់លានដុល្លារ [...] យើងបន្ដបើកបណ្ដើរៗ ដូចជាកម្មករ...ឆាប់ៗនឹងឃើញដល់ប្រជាជនក្រីក្រ»

លោក មាស សុខសេនសាន បានបញ្ជាក់ឲ្យដឹងផងដែរថា «សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានប្រកាសជារឿយៗហើយ យើងនៅរក្សាកញ្ចប់ថវិការបស់យើងពី៨០០លានដុល្លារ ទៅ២ពាន់លានដុល្លារ គឺយើងអត់ខ្លាច នឹងចំណាយទេ»

លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលបានគិតចំពោះបញ្ហាកូវីដ-១៩នេះ ហើយរាជរដ្ឋាភិបាល មិនដែលគិតថា «ដល់កំពង់លង់ទូកនោះទេ» ដែលមានន័យថា រារដ្ឋាភិបាលមិនបណ្ដែតបណ្ដោយរហូតដល់សេដ្ឋកិច្ចជាតិធ្លាប់ចុះ ឬខ្វះថវិកានោះដែរ គឺរាជរដ្ឋាភិបាលបានគិតគូររួចជាស្រេច។

លោក ផាន់ ផល្លា បានបន្ដថា ជាគោលការណ៍រាជរដ្ឋាភិបាលមានថវិការហូត សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាការគាំទ្រសកម្មភាព រាជរដ្ឋាភិបាល និងការជួយដល់បងប្អូនប្រជាពលរដ្ឋ។

ចំពោះចំណូលថវិកាត្រូវបានលោក ផាន់ ផល្លា ប្រាប់ថា ប្រភពថវិកាមានដូចជា នៅក្នុងប្រទេសថវិកាជាតិ ថវិកាសន្សំ និងកាត់ថវិកាឆ្នាំ២០២០ខ្លះ និងមានថវិកាខាងក្រៅផ្សេងទៀត, ដែលរាជរដ្ឋាភិបាលខិតខំប្រមូលមកទាំងអស់ ដើម្បីទ្រទ្រង់ និងកាត់បន្ថយផលប៉ះពាល់។

រដ្ឋលេខាធិការដដែលរូបនេះបញ្ជាក់ថា «សូមកុំភ័យថា ចេះតែនាំគ្នាសួរថា ចុះពេលណាអស់លុយ អត់មានទេ អារឿងអស់ វាមិនអស់ទេ យើងគិតយកជាគោលការណ៍មួយ មិនឲ្យដល់កំពង់លង់ទូកនោះទេ យើងអាចទៅរហូតបាន»

សម្រាប់ជំនួយឧបត្ថម្ភពីក្រៅប្រទេសវិញ ត្រូវបានលោក មាស សុខសេនសាន និងលោក ផាន់ ផល្លា បានបញ្ជាក់ឲ្យដឹងថា ដៃគូនៅបណ្ដាក្រៅប្រទេស នៅតែរីករាយបន្ដផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា៕