(ព្រះសីហនុ)៖ មានការប៉ះទង្កិចគ្នារវាងមន្ដ្រីអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមួយជនអនាធិបតេយ្យមួយក្រុម ដែលបានធ្វើសកម្មភាពរំលោភបំពានយកដីរបស់ប្រជាពលរដ្ឋ និងបានធ្វើរបងសាងសង់យកដីរបស់គេយ៉ាងអនាធិបតេយ្យ ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងហេតុការណ៍ប៉ះទង្កិចគ្នានេះ កម្លាំងអាវុធហត្ថរងរបួសដៃដោយត្រូវជនមិនស្គាល់កាប់នឹងកាំបិត ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ផងដែរ។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ដើមឡើងរដ្ឋបាលស្រុកព្រៃនប់ បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានការរំលោភបំពានដីប្រជាពលរដ្ឋ ពីសំណាក់ក្រុមអនាធិបតេយ្យ ដោយមានការព័ទ្ធរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសងរបងថ្មីរបស់ខ្លួន ដោយមិនខ្វល់ពីការធ្វើរបងនេះ ចំដីរបស់នរណាទាំងអស់។

ដូច្នេះទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជាឲ្យមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍តែការចុះអន្តរាគមន៍របស់កងកម្លាំងអាវុធហត្ថ ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំង ហើយបានប្រើហិង្សាមកលើកងកម្លាំងដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ យ៉ាងឃោឃៅ ក្នុងនោះបណ្ដាលឲ្យអាវុធហត្ថម្នាក់ឈ្មោះ ឃឿន សុក្រិត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសដៃដោយការកាប់កាំបិត។

ប៉ុន្ដែក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ ស៊ុ អៀប ហៅភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងរ័ត្ន ឃុំខ្នារ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាជាងសំណង់ ជាអ្នកប្រើកាំបិតកាប់មកលើអាវុធហត្ថឈ្មោះ ឃឿន សុក្រិត បណ្ដាលឲ្យរងរបួសដៃធ្ងន់ធ្ងរ។

យ៉ាងណាមិញ ប្រភពព័ត៌មានផ្សេងទៀតបានអះអាងថា ជនទាំងអស់នេះ កន្លងមកតែតែងបង្កភាពអនាធិបតេយ្យខ្លាំង ដោយមានការដុតកង់ឡាន វៃកម្ទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក្នុងភូមិ គគី ឃុំបិទត្រាំង ស្រុកព្រៃនប់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ នឹងបញ្ជូនជនសង្ស័យដែលឃាត់ខ្លួនបានទៅតុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី ខណៈជនដៃដល់ផ្សេងទៀត កម្លាំងអាវុធហត្ថជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់៕