(វ៉ាស៊ីនតោន)៖ សហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មី ជាប់ពាក់ព័ន្ធនឹង កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ដោយការប្រកាសនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់​ពី​ការិយាល័យ​រដ្ឋបាលរបស់លោក Obama បានដកទណ្ឌកម្ម លើកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ នេះបើតាមព័ត៌មានទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ។

សហរដ្ឋអាម៉េរិក បានឲ្យដឹងតាមរយៈរបាយការណ៍ថា ជនជាតិអ៊ីរ៉ង់ចំនួន៦នាក់ និងក្រុមហ៊ុនចំនួន១១ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ របស់សហរដ្ឋអាម៉េរិក។​ «សកម្មភាពនេះ គឺមិនកែប្រែនោះទេ ជាមួយនឹងការប្តេជ្ញា របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីបន្តគោលដៅចំពោះអ្នកជួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់លើកម្មវិធីនុយក្លេអ៊ែ»។ នេះបើតាមរបាយការណ៍ បានឲ្យដឹងយ៉ាងដូច្នេះ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Barack Obama បានឲ្យដឹងក្នុងការថ្លែងសន្ទរកថាមួយ នៅថ្ងៃអាទិត្យថា សហរដ្ឋអាម៉េរិក នឹងដាក់ទណ្ឌកម្មថ្មី ប្រសិនបើរដ្ឋាភិបាលទីក្រុង Tehran បន្តអនុវត្តនូវកម្មវិធីនុយក្លេអ៊ែ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ លោក Obama បានចុះហត្ថលេខា លើលិខិតបញ្ជាប្រតិបត្តិមួយ ដើម្បីដកទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ដោយការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពី ភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានបញ្ជាក់ថា ការយល់ព្រមរបស់អ៊ីរ៉ង លើកិច្ចព្រមព្រៀងនុយក្លេអ៊ែជាប្រវត្តិសាស្ត្រ បានសម្រេច កាលពីរដូវក្តៅឆ្នាំមុន៕