(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបង្ហាញការសោកស្តាយ និងមានសេចក្តីក្រៀមក្រំក្រៃលែងចំពោះការទទួលមរណភាពរបស់លោក ស៊ុន ចិត្រា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនលោកស្រី ឯក គន្ធវារី ភារិយារបស់លោក ស៊ុន ចិត្រា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ លោក អ៉ឹម ឈុនលឹម បានកត់សម្គាល់ថា លោក ស៊ុន ចិត្រា គឺជាមន្ត្រី ដែលមានស្នាដៃល្អ ក្នុងការបំពេញការងារយ៉ាងសកម្មអស់ពីកម្លាំងកាយ កម្លាំងចិត្ត ជូនស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកកិត្តិនីតិកោសលបណ្ឌិត បានបន្ថែមថា មរណភាពនេះ គឺជាការបាត់បង់ស្វាមី និង លោកឪពុក ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់ក្នុងក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា លោក ស៊ុន ចិត្រា បានទទួលមរណភាពនៅវេលាថ្ងៃត្រង់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ៕