(សៀមរាប)៖ សាលាវត្តអង្គរខាងត្បូង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារការពាររូបភាពអង្គរ និងភ្នាក់ងារទេសចរណ៍ ដែលវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងរួមគ្នាដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា។

លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនៃនាយកដ្ឋានទាំងពីរខាងលើបានបញ្ជាក់ថា នេះជាពេលវេលាដ៏សមស្របដែលត្រូវពង្រឹងសមត្ថភាពភ្នាក់ងារនៅតាមប្រាសាទ ពិសេសផ្នែកការពាររូបភាព និងភ្នាក់ងារទេសចរណ៍ ដើម្បីឱ្យការបំពេញការងារកាន់តែមានប្រសិទ្ធភាព។

លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះមានចំនួន៣វគ្គសម្រាប់រយៈពេល៩ថ្ងៃ នៅតាមប្រាសាទគោលដៅទាំង៣៩ ដែលមានភ្នាក់ងារចូលរួមទាំងអស់សរុប ៤៦១នាក់។ មេរៀនសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលនេះ មានទី១ ចំណេះដឹងជាមូលដ្ឋាននៃការងារទូទៅរបស់អាជ្ញាធរជាតិអប្សរា ទី២ គុណតម្លៃរបស់រមណីយដ្ឋានអង្គរ និងទី៣ ការផ្លាស់ប្ដូរបទពិសោធន៍ការងាររបស់ភ្នាក់ងារក្នុងការធ្វើការកន្លងមក។

លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបង្ហាញការគាំទ្រពេញទំហឹងសម្រាប់វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នេះ ពិសេសការពង្រឹងសមត្ថភាពភ្នាក់ងារ ដែលជាកិច្ចការសំខាន់ផ្សារភ្ជាប់ជាមួយកិច្ចការពារវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោកបានលើកទឹកចិត្តភ្នាក់ងារទាំងអស់ដែលបានចូលរួមវគ្គសិក្សានេះ ត្រូវតោងចាប់រាល់មេរៀនដែលវាគ្មិនបានបង្ហាញ និងមានជាសំណួរទៅកាន់វាគ្មិននៅកន្លែងណាដែលមិនច្បាស់ ដើម្បីឱ្យពេលការអនុវត្តការងារមានប្រសិទ្ធភាពល្អ។

លោកអគ្គនាយករងក៏បានរំលឹកសកម្មភាពមិនសមរម្យមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ នារយៈពេលប៉ុន្មានឆ្នាំមក ដែលត្រូវបានចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយបានជះឥទ្ធិពលមិនល្អដល់តម្លៃបេតិកភណ្ឌជាតិ។

លោក សុខ សង្វារ បានផ្តាំទៅភ្នាក់ងារទាំងអស់ នៅពេលឃើញភ្ញៀវទេសចរមានអាកប្បកិរិយាមិនសមរម្យក្នុងតំបន់ប្រាសាទ ត្រូវចេះណែនាំ និងហាមឃាត់រាល់ទង្វើមិនសមរម្យទាំងនោះ។ ទង្វើមិនសមរម្យ បានប៉ះពាល់ដល់តម្លៃវប្បធម៌នៃប្រទេសជាតិទាំងមូល៕