(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូជិះកង់លើចំងាយផ្លូវជាង៧០គីឡូម៉ែត្រ ពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកកោះធំ ចំនួន២គោលដៅក្នុងឃុំទាំង១១ ដើម្បីចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ព្រមទាំងបានស្វែងយល់អំពីការការពារ និងការអភិវឌ្ឍន៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងឱកាសចែកអំណោយនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ លោក គីម រឹទ្ធី បានណែនាំដល់បងប្អូនដែលជាគ្រួសារអតីតយុទ្ធជនទាំងអស់ សូមថែរក្សាសុខភាពតាម រយៈការអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ និងរស់នៅបានយូរអង្វែង ដើម្បីបន្តមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ បន្តទៀត។

លោកបានបន្តថា អំណោយទាំងអស់នេះបន្តិចបន្តួចមែនតែវាអាចជួយសម្រាលការលំបាកបងប្អូនបានមួយគ្រា។ បងប្អូនត្រូវត្រៀមលក្ខណៈដាំដំណាំរួមផ្សំ ដើម្បីបង្កើនជីវភាពគ្រួសារ បន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន៦០គ្រួសារ ក្នុងមួយគ្រសាររួមមាន៖ អង្គរ២០គីឡូ មីមួយកេស សំភារៈផ្ទះបាយចំនួនមួយឈុត ទឹកភេសជ្ជៈ ADមួយកេស ទឹកភេសជ្ជៈ u power ១យួរ ទឹកភេសជ្ជៈsponser ចំនួន១កេស និងថវិកាក្នុងមួយគ្រួសារចំនួន៦ម៉ឺនរៀលផងដែរ ដែលជាអំណោយរបស់រដ្ឋបាលស្រុកកោះធំ៕