(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០នេះ លោកយាយ កឹម សុគន្ធ អាយុ៧៦ឆ្នាំ ដែលមានវិវាទដីធ្លីជាមួយប្អូនស្រីបង្កើតឈ្មោះ កឹម បូផល អាយុ៦៩ឆ្នាំ និងក្មួយប្រុសបង្កើតឈ្មោះ យ៉ាវ សុភាវុធ អាយុ៤៣ឆ្នាំ គឺបានឈានដល់ការបញ្ចប់វិវាទទាំងស្រុងដោយបានយល់ព្រមផ្តិតមេដៃ លើកិច្ចព្រមព្រៀងបញ្ចប់វិវាទលើដីធ្លីមួយចំនួននៅក្នុងខេត្តកណ្តាល ក្រោមការសម្របសម្រួលរបស់លោក ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់របស់សម្តេចតេជោ តាមនីតិវិធីផ្សះផ្សារឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

វិវាទក្តីក្តាំដីធ្លីរាំរ៉ៃដែលមានរយៈពេលជាង១០ឆ្នាំមកនេះ គឺបានធ្វើឲ្យលោកយាយ កឹម សុគន្ធ បានបែកចេញពីប្អូនស្រីបង្កើត ឈ្មោះ កឹម បូផល និងក្មួយប្រុសបង្កើតឈ្មោះ យ៉ាវ សុភាវុធ ដែលសព្វថ្ងៃមានអាជីពជាមេធាវី។ រឿងរ៉ាវនេះបានកើតឡើងនៅរវាងឆ្នាំ ១៩៩០-១៩៩២ ក្នុងពេលដែលលោកយាយ កឹម សុគន្ធ ទៅបំពេញការងារជាលេខាទូតទី៣ នៅប្រទេសឆេកូ។ ពេលនោះលោកយាយបានផ្ញើលុយកាក់មួយចំនួនមកឲ្យប្អូនចូលហ៊ុនគ្នាទិញដីមួយចំនួននៅក្នុងប្រទេសកម្ពុជា។

ប៉ុន្តែដីធ្លីទាំងនោះមានតែឈ្មោះប្អូនស្រី និងក្មួយ ហើយអត់មានឈ្មោះលោកយាយដែលមានបំណងចង់លក់ ដូរខ្លះតែធ្វើមិនបាន ទើបឈានទៅដល់ការប្តឹងផ្តល់គ្នាអស់រយៈពេលជាង១០ឆ្នាំមកនេះ ដែលគ្មានបានទទួលលទ្ធផលអ្វីក្រៅពីម្នាក់ៗកាន់តែស្អប់គុំគួនគ្នា នឹងកាន់តែចាស់ជរារៀងៗខ្លួនបន្តិចម្តងៗទៅ។

ទើបនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោកយាយ កឹម សុគន្ធ បានសម្រេចចិត្តផ្ញើលិខិតសុំជំនួយអន្តរាគមន៍មកកាន់ផេកគេហទំព័រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់មកនៅថ្ងៃសៅរ៍ទី១៣ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានលោក ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់ សម្តេចតេជោ បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់មកជួបគ្នាដោយផ្ទាល់ដើម្បីរកវិធីដោះស្រាយតាមនីតិវិធីផ្សះផ្សារ ឈរលើគោលការណ៍ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលបានទម្លាយភាពទាល់ច្រកបានមួយចំនួនធំ ដោយមានវត្តមានលោកយាយ កឹម សុគន្ធ ក្មួយប្រុស យ៉ាវ សុភាវុធ ប៉ុន្តែអវត្តមាន លោកស្រី កឹម បូផល ដែលត្រូវជាប្អូនបង្កើតដោយជាប់ធុរៈផ្ទាល់ខ្លួន។

បន្ទាប់មកនៅព្រឹកមិញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ លោក ដួង តារា បានអញ្ជើញភាគីទាំង៣ មកសម្របសម្រួលដោះស្រាយជាបន្ត ដែលសម្រេចបាននូវការឯកភាពយល់ព្រម ដោយគ្រប់ភាគីទាំងអស់បញ្ចប់រឿងក្តីវិវាទនៅថ្ងៃនេះតែម្តង ដោយក្នុងនោះភាគីទាំងសង្ខាងបានផ្តិតមេដៃលើកិច្ចព្រមព្រៀងបញ្ចប់វិវាទ ហើយយល់ព្រមដកពាក្យបណ្តឹងទាំងអស់ពីតុលាការ និងពីគ្រប់ស្ថាប័នទាំងអស់ ហើយសន្យាមិនគុំគួនគ្នា មិនប្តឹងផ្តល់គ្នាតទៅទៀតឡើយ។

លោក ដួង តារា ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា គ្រប់រឿងក្តីវិវាទទាំងអស់គឺមានភាពស្មុគ្រស្មាញខ្លាំងណាស់ ប៉ុន្តែលោកមានជំនឿមុតមាំថា បើអ្នកឈរដោះស្រាយឈរនៅកណ្តាល ហើយមានសមត្ថភាពអាចដឹងថាអ្វីខុស អ្វីជាត្រូវ ហើយមានឆន្ទះដោះស្រាយពិតប្រាកដ ដោយមិនចង់បានផលប្រយោជន៍ពីរឿងវិវាទទាំងនោះ គឺប្រាកដជាដោះស្រាយបានលទ្ធផលចប់លឿនមិនខាន។ ក្រោមដំណោះស្រាយឈ្នះ-ឈ្នះ នេះ គឺបានធ្វើឲ្យគ្រប់គ្នាមានស្នាមញញឹមឡើងវិញជាមួយ នឹងក្តីសង្ឃឹមក្នុងជីវិតចុងក្រោយដែលគ្មានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវវិវាទស្មុគ្រស្មាញតទៅទៀត។

លោកយាយ កឹម សុគន្ធ លោកយាយ កឹម បូផល ព្រមទាំង លោក យ៉ាវ សុភាវុធ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចជាម្លប់ដ៏កក់ក្តៅបានផ្តល់នូវដំណោះស្រាយតាមនីតិវិធីផ្សះផ្សារឈរលើគោលការណ៍ឈ្នះឈ្នះ ដែលគ្រប់គ្នាឈ្នះទាំងអស់គ្នា។ ក្រុមគ្រួសារលោកយាយ កឹម សុគន្ធ ក៏បានថ្លែងអំណរគុណដល់លោក ដួង តារា ដែលបានជួយសម្របសម្រួលដោះស្រាយវិវាទនេះទទួលបានលទ្ធផល ដែលគ្រប់គ្នាអាចទទួលយកបានដោយពេញចិត្ត។

លោក ដួង តារា ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចប្រមុខដឹកនាំ ដែលឯកឧត្តមានឱកាសបានចូលរួមជួយដោះស្រាយកិច្ចការលំបាកបានខ្លះៗជូនប្រមុខដឹកនាំ ដើម្បីសម្តេចលោកមានពេលវេលាធ្វើកិច្ចការធំៗជាច្រើនទៀតសម្រាប់ប្រទេសជាតិទាំងមូល។ ទន្ទឹមនឹងនេះលោក ដួង តារា ក៏បានអរគុណដល់លោកមេធាវី យ៉ាវ សុភាវុធ ដែលត្រូវជាក្មួយបង្កើតរបស់ លោកយាយ កឹម សុគន្ធ ដែលបានយកកម្លាំងកាយចិត្តនិងពេលវេលាចូលរួមបញ្ចប់រឿងវិវាទនេះប្រកបដោយគុណធម៍បានចប់ជាស្ថាពរនៅថ្ងៃនេះ៕