(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានសម្ពោធធនាគារ ជីប ម៉ុង សាខាខេត្តសៀមរាប ជាផ្លូវការ និងក្លាយខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត និងជាដៃគូវិនិយោគដ៏ជោគជ័យយូរអង្វែងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

បើទោះបីជាវិស័យទេសចរណ៍នៅខេត្តសៀមរាប កំពុងរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ក៏ដោយ ក៏ធនាគារ ជីប ម៉ុង សម្រេចវិនិយោគក្នុងខេត្តនេះ ដើម្បីចូលរួមពង្រឹងទំនុកចិត្តវិនិយោគិនក្នុងខេត្ត ព្រមទាំងផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ និងផ្ដល់សេវាធនាគារសំខាន់ៗសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនេះ ក៏ដូចជាពេលអនាគត។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាម្ចាស់ភាគហ៊ុនធនាគារ ជីប ម៉ុង លោកឧញ៉ា លាង ឃុន មានប្រសាសន៍ថា៖ «ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានវត្តមាន និងកេរ្តិ៍ឈ្មោះលើទីផ្សារកម្ពុជាជិត៤០ឆ្នាំមកហើយ និងជាបណ្តុំនៃក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ ដែលមានបទពិសោធន៍ ជំនាញវិជ្ជាជិវៈ និងទេពកោសល្យខ្ពស់ ក្នុងការកំណត់គោលដៅវិនិយោគច្បាស់លាស់ រឹងមាំ យូរអង្វែង និងប្រកបដោយឆន្ទៈខ្ពស់ ដើម្បីសម្រេចបេសកកម្មដោយជោគជ័យ និងស្ថិតនៅជាមួយអតិថិជនជានិច្ច»

ត្រឹមតែរយៈពេលជាងមួយឆ្នាំ ធនាគារ ជីប ម៉ុង បានពង្រីកសាខាធនាគារបាន១០ទីតាំង ភ្នាក់ងារធនាគារចំនួន៥០ និងគ្រោងពង្រីកឲ្យបាន៥០០ទីតាំងក្នុងឆ្នាំនេះ ដៃគូទូទាត់ចំណាយផ្សេងៗចំនួន៤០០កន្លែង និងកម្មវិធីទូរស័ព្ទដៃ Bank! Bank!។

ធនាគារ ជីប ម៉ុង សាខាខេត្តសៀមរាប គឺជាសាខាទី១០នៃធនាគារ ជីប ម៉ុង។ ដូច្នេះធនាគារនេះប្រតិបត្តិការបាន៤រាជធានីខេត្តហើយ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តសៀមរាប៕