(ស្វាយរៀង)៖ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានថ្លែងផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់កុំភ្លេចធ្វើអនាម័យជាប្រចាំ និងបន្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដែលកំពុងរាតត្បាតពាសពេញពិភពលោក ខណៈស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានៅតែមានអ្នកឆ្លងថ្មីនៅឡើយ ។
លោក សុច ពិសី បានលើកឡើងបែបនេះនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងពិធីចែកអំណោយរបស់សមាគមមនុស្សចាស់ជរា និងអភិវឌ្ឍន៍កុមារ វត្តកោះអណ្តែត និងក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ ជូនដល់ប្រជាពលរដ្ឋក្រីក្រ៨៩គ្រូសារ ព្រមទាំងដាំកូនឈើក្រញូង១០០ដើម ក្នុងវត្តកោះអណ្តែត ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
លោក សុច ពិសី បានថ្លែងអំណរគុណចំពោះព្រះគ្រូ អ៊ុ សុវណ្ណរិទ្ធ ចៅអធិការវត្តកោះអណ្តែត ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុកប្រជាពលរដ្ឋទីទាល់ក្រនៅក្នុង មូលដ្ឋាន ហើយបានកៀងគរសប្បុរសជនមកចែកអំណោយបានជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃនេះប្រជាពលរដ្ឋ ៨៩គ្រួសារ បានទទួលអំណោយពីសមាគមមនុស្ស ចាស់ជរា និងអភិវឌ្ឍន៍កុមាវត្តកោះអណ្តែត និងក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ ដែលជាការផ្តួចផ្តើមឡើង ដោយព្រះគ្រូចៅអធិការដោយផ្ទាល់។
លោកបានបន្តថា អំណោយទាំងនេះទោះបីមិនអាចដោះស្រាយបានទាំងស្រុង តែក៏អាចជួយសម្រួលក្នុងជីវភាពប្រចាំថ្ងៃបានមួយគ្រាដែរខណៈដែលប្រទេសកម្ពុជា កំពុងមានការរាតត្បាតដោយសារជំងឺកូវីដ១៩ ធ្វើឲ្យពលរដ្ឋមិនសូវបានចាកចេញពីលំនៅដ្ឋានទៅរកការងារធ្វើដូច្នេះនាំឲ្យមានការខ្វះខាត។
លោក សុច ពិសី ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរចរណ៍ឲ្យបានខ្ជាប់ខ្ជួន ចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះធម្មជាតិផ្សេងៗជាពិសេសខ្យល់កន្ត្រាក់ និងត្រូវត្រៀមឧបករណ៍ធ្វើស្រែឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ករបង្កើនស្រូវរដូវវស្សាឲ្យទាន់ពេលវេលា និងត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វបន្ថែម ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ។
ព្រះគ្រូ អ៊ុ សុវណ្ណរិទ្ធ មានសង្ឃដីការថា សមាគមមនុស្សចាស់ និងអភិវឌ្ឍន៍កុមារដែលមានរូបព្រះអង្គជាប្រធាន គឺបង្កើតឡើងដើម្បីជួយមនុស្សចាស់ជរា នៅក្នុងឃុំ ដែលសភាពខ្វះខាតជាចាំបាច់ និងបានចាត់ឲ្យលោកគ្រូអាចារ្យ ព្រះសង្ឃតែងតែនាំថវិការសម្ភារៈគ្រឿងឧបភោគបរិភោគជូនដល់ចាស់ជរា មានជំងឺ និងបណ្តាសព ដែលនៅក្នុងឃុំថ្មីផងដែរ។
ព្រះគ្រូមានសង្ឃដីការបញ្ជាក់ថា សមាគម៍ក៏បានបង្រៀនជាភាសារអង់គ្លេស កុំព្យូទ័រដល់សិស្សនៅដើមឆ្នាំ២០២០ ដែលបានមកសិក្សាដោយពុំមានបង់ប្រាក់ដល់សមាគម មានចំនួន២៣៤នាក់ ដោយមានការឧបត្ថម្ភពីលោក លឹម គឹមសេង អគ្គនាយកក្រុមហ៊ុនឡាក់គីរ៉ូប៊ី ឡាក់គី៨៩ ធ្វើឲ្យសមាគមអាចដំណើរការហូតដល់ សព្វថ្ងៃនេះបាន ក្នុងនោះបានផ្តល់ចំណេះដឹងដល់សិក្សានុសិស្សនៅឃុំថ្មី ដែលជាឃុំជាប់នឹងតំបន់ព្រំដែនដាច់ស្រយាល បានក្រៀបយកចំណេះវិជ្ជា ដើម្បីប្រតិបត្តិខ្លួនជាទំពាំងស្នងឬស្សី នៃប្រទេសជាតិផងដែរ។
វត្តកោះអណ្តែត ឃុំថ្មី ស្រុកកំពង់រោទិ៍ គឺជាវត្តគំរូមួយនៅទូទាំងខេត្ត ដែលមានសមិទ្ធផលជាច្រើនព្រមទាំងមានកន្លែងផ្តល់ចំណេះដឹងដល់សិក្សានុសិស្សទៀតផង ហើយព្រះសង្ឃក្នុងវត្តបានដាំបន្លែ ដាំដើមឈើហូបផ្លែ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃចែកជូនពុទ្ធបរិស័ទចំណុះជើងវត្តយកទៅស្លរស្លុកផងដែរ។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនគ្រួសារក្រីក្រទាំង៨៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ៥ដប ទឹកស៊ីអ៊ីវ ៣ដប ទឹកដោះគោ ១កំប៉ុង ស្ករស កន្លះគីឡូ, តែ ២កញ្ចប់, ប្រេងឆា ១ដប, អំបិល ១កញ្ចប់,និងថវិកា ១០,០០០រៀល៕