(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មូលហេតុនៃការថយចុះនៃចំនួនសត្វខ្សឹប គឺដោយសារតែការបាត់បង់ទីជម្រក ការទន្ទ្រានកាន់កាប់ដីវាលស្មៅធម្មជាតិ ការបំលែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំង ការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ការប្រើប្រាស់ថ្នាំពុល និងផលប៉ះពាល់ពីកត្តាផ្សេងៗទៀត។

ការឱ្យដឹងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅអំឡុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិរក្សសត្វខ្សឹបសហការដោយក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សត្វខ្សឹបជាសត្វកម្រ និងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែលគ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះដែលទាមទារជាចាំបាច់ការចូលរួមការពារ និងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធនានា ជាពិសេសពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាទីជម្រកសត្វខ្សឹប រស់នៅពងកូន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា តាមរយៈទិន្នន័យជំរឿននៅឆ្នាំ២០០៧ ប្រភេទសត្វខ្សឹបដ៏កម្រនេះ មានចំនួនប្រមាណជិត ៤០០ ក្បាល ដែលចំនួននេះស្មើនឹង៥៧,១៤ភាគរយ នៃចំនួនសត្វខ្សឹប សរុបនៅលើពិភពលោក។ ក្រៅពីប្រទេសកម្ពុជា សត្វខ្សឹបមាននៅប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ ប៉ុន្តែលោកក៏បានបង្ហាញការព្រួយបារម្ភចំពោះការបន្តធ្លាក់ចុះនៃចំនួនសត្វខ្សឹបដោយយោងតាមទិន្នន័យជំរឿននៅឆ្នាំ២០១៨ កន្លងទៅ សត្វខ្សឹបដែលកំពុងនៅក្នុងតំបន់វាលស្មៅលិចទឹកបឹងទន្លេសាប នៃតំបន់ការពារ ទេសភាពទំនាបខាងជើងទន្លេសាប នៃប្រទេសកម្ពុជា មានចំនួន ១១៧ក្បាល ដែលមានការធ្លាក់ចុះជាង ២០០ក្បាល ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា ប្រការដែលគួរឱ្យកត់សម្គាល់ គឺចំនួនសត្វខ្សឹបដែលបានសិក្សា និងកត់ត្រាមានស្ថេរភាពនៅក្នុងតំបន់ការពារធម្មជាតិ ដែលមានការអនុវត្តច្បាប់យ៉ាងសកម្ម ហើយវាបានធ្លាក់ចុះយ៉ាងគំហុកនៅក្រៅតំបន់ការពារ និងនៅតាមតំបន់ដែលសកម្មភាពអនុវត្តច្បាប់ និងការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ នៅមានកម្រិតនៅឡើយ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា តំបន់អភិរក្សសត្វខ្សឹប មាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ ធំនិងខេត្តសៀមរាបទំហំ៣១, ១៥៩ ហិកតា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប កាលពីខែឧសភា ឆ្នាំ២០១៦ ដើម្បីរៀបចំអភិរក្សសត្វខ្សឹប ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក។ លោកឱ្យដឹងថា តំបន់ការពារទេសភាពខាងជើងបឹងទន្លេសាប គឺជាទីជម្រកតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានវត្តមានសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ និងមានប្រភេទសត្វស្លាបផ្សេងទៀតចំនួនជាង ២១៧ប្រភេទ រួមទាំងប្រភេទជិតផុតពូជមួយចំនួនដូចជាត្រយ៉ងចង្កំកស អង្កត់ខ្មៅ និងក្រៀល។

លោក នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងការការពារអភិរក្សតំបន់សត្វខ្សឹបរស់នៅនេះ កម្លាំងមន្ត្រីឧទ្យានុរក្សចំនួន៨នាក់ ចុះល្បាតជារៀងរាល់ថ្ងៃ ដើម្បីការពារតំបន់ពងកូន និងជម្រកសត្វខ្សឹប ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីខុសច្បាប់ដែលប៉ះពាល់ដល់ជម្រកសត្វខ្សឹប។ លោកឱ្យដឹងថា តំបន់ការពារទេសភាពខាងជើងបឹងទន្លេសាប មានសារៈសំខាន់សម្រាប់សត្វខ្សឹបដែលធ្វើការបន្តពូជនៅរដូវប្រាំង និងតំបន់ភាគខាងជើងក្នុងតំបន់ព្រៃរបោះជាកន្លែង សម្រាប់សត្វខ្សឹបស្នាក់នៅក្នុងរដូវវស្សាដែលបច្ចុប្បន្ន ប្រឈមនឹងការលួចកាប់បំផ្លាញធ្វើអុស និងការទន្ទ្រាន។

នៅក្នុងដំណើរទស្សនកិច្ចចុះពិនិត្យគម្រោងអភិរក្សសត្វខ្សឹបនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះអង្គការ WCS ដែលបានអនុវត្តគម្រោងអភិរក្សសត្វខ្សឹប ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តនូវយុទ្ធសាស្ត្រផ្សាភ្ជាប់រវាងការជំរុញ និងគាំទ្រលើការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើតមុខរបរបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈការផលិតស្រូវសរីរាង្គដែលលក់បានតម្លៃខ្ពស់ និងទេសចរណ៍ធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាសត្វខ្សឹប ដ៏កម្ររបស់ពិភពលោកនេះ។

នៅចំពោះមុខប្រជាសហគមន៍នៅស្រុកស្ទោង ខេត្តកំពង់ធំ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានសហការចូលរួមអភិរក្សសត្វខ្សឹប និងបានអនុវត្តគម្រោងស្រូវនិរន្តរភាពប្រកបដោយភាពជោគជ័យ។ លោកបានជំរុញបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារសត្វខ្សឹប ដែលជាសត្វកម្ររបស់ពិភពលោកនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា តាមរយៈគម្រោងអភិរក្សសត្វខ្សឹប នៅតំបន់ការពារទេសភាពខាងជើងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប បាននឹងកំពុងជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនិរន្តរភាពស្រូវដែលជាផលិតស្រូវសរីរាង្គលក់ទៅក្រៅប្រទេស និងចំណូលបានមកពីវិស័យទេសចរណ៍ធម្មជាតិ។

អង្គការ WCS បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ បាននិងកំពុងអនុវត្តគម្រោងកម្មវិធីនិរន្តរភាពស្រូវដែលគម្រោងបានទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋចូលរួមអភិរក្សសត្វខ្សឹប។ កម្មវិធីនេះមានសារសំខាន់ព្រោះប្រជាពលរដ្ឋទទួលបានពូជស្រូវមានគុណភាពល្អពីគម្រោងដោយមិនគិតការប្រាក់ដូចជាពួកគាត់ត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា មិនទន្ទ្រានដីធ្លី មិនប្រើជីគីមី និងមិនបរបាញ់សត្វព្រៃគ្រប់ប្រភេទជាដើម។ ប្រជាសហគមន៍នៃតំបន់ការពារធម្មជាតិបានទទួលថវិកាបន្ថែមពី ភ្ញៀវទេសចរក្នុងទឹកប្រាក់ប្រមាណ ៨លានរៀល ក្នុងមួយឆ្នាំសម្រាប់អភិវឌ្ឍភូមិឃុំ។ ចំណែកប្រជាពលរដ្ឋដែលចូលរួមយាមពងសត្វខ្សឹប អាចទទួលបានថវិកា ១៦ម៉ឺនរៀល ក្នុងមួយសំបុក៕