(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងស្ថាប័នជំនាញ ប.ក.ក និងកងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ក្នុងក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេង ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារ ចំនួន២នាក់ ដោយដើមចមនៃការស្លាប់ គឺដោយសារពុលស្រាថ្នាំចិនសែ «តាំងកួយ»។

ក្នុងនោះ ម្ដាយក្មេក បានស្លាប់មុនក្រោយទទួលទានស្រាខាងលើ ខណៈកំពុងធ្វើបុណ្យសពម្តាយក្មេកកូនប្រសាប្រុស ក្នុងវេលាយប់កំដររោង បានទទួលទានស្រាថ្នាំចិនសែ «តាំងកួយ» ក្រោយទទួលទានស្រាថ្នាំនេះរួច បានពុលស្លាប់ម្នាក់ទៀត យ៉ាងអាណោចអាធម៌បំផុត។

ក្នុងឱកាសនោះ ក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត បាននាំយកថវិកាចំនួន៦០០,០០០រៀល និងអង្ករខ្សាយចំនួន១០០គីឡូក្រាម រួមនឹងទឹកត្រីចំនួន២កេស ប្រគល់ជូនក្រុមគ្រួសារនៃសពផងដែរ។

ក្នុងនោះផងដែរ អាជ្ញាធរ អំពាវនាវដល់ពលរដ្ឋក្នុងក្រុងប៉ោយប៉ែត សូមបញ្ឈប់កាទទួលទានស្រាថ្នាំចិនសែ «តាំងកួយ» ដែលផលិតគ្មានស្តង់ដាត្រឹមត្រូវ ហើយក៏គ្មានការទទួលស្គាល់ ពីក្រសួងពាក់ព័ន្ធ ធ្វើឲ្យប៉ពាល់សុខភាព ហើយអាចបណ្តាលឲ្យបាត់បង់អាយុជីវិត ក្នុងក្រុមគ្រួសារផងដែរ៕