(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក-សមាជិកា ជាច្រើននាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសល ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៨៤ យាងចូល៨៥ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ។

ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា តាងនាមឲ្យគណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ទូទាំងខេត្តកំពង់ចាម បានសម្តែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ័ឧត្តុង្គឧត្តម និងទឹកព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយពល បញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់របស់ទ្រង់ ក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងយាងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ រួមចំណែកលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាកូនចៅ ចៅទួតរបសព្រះអង្គ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍។

ក្នុងពិធីនោះ បន្ទាប់ពីព្រះសីលសំវរ ប៊ត តាំង ឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ៧អង្គ បានសូត្រពុទ្ធជ័យមង្គលចម្រើនព្រះបរិត្តទៅតាម ទំនៀមទំលាប់ ប្រពៃណីយ៍ សាសនា រួចមក លោក អ៊ុនចាន់ដា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញវេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ ដោយមួយអង្គៗទទួលបាន៖ ចង្ហាន់១ស្រាក់, ផ្លែឈើ កន្ត្រក, សាដក១ និងបច្ច័យចំនួន៥ម៉ឺនរៀល។ ដោយឡែក ព្រះចៅអធិការវត្ត បច្ច័យ២០ម៉ឺនរៀល។

យាយជី តាជី៨៥នាក់ម្នាក់ៗចំនួន២០,០០០រៀល។ សម្រាប់វត្តភ្នំជ័យគិរី លោក អ៊ុន ចាន់ដា និងលោកស្រី បានប្រគេនអង្ករ២៥០គីឡូក្រាម, មីជាតិ១០កេស, ត្រីខ១២០កំប៉ុង, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស និងបច្ច័យចំនួន១លានរៀលផងដែរ៕