(សៀមរាប)៖ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សហការជាមួយគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង បានខ្នះខ្នែងជីកអណ្ដូងទឹកបូមភក់ចេញពីកសិន្ធុប្រាសាទបាគង ដើម្បីឱ្យទឹកជ្រៅ និងដឹកជញ្ជូនទឹកពីតំបន់ខាងក្រៅបញ្ចូលទៅក្នុងកសិន្ធុនេះចាប់ពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២០។

ការងារនេះធ្វើឡើងដើម្បីសង្រ្គោះត្រីធំៗក្នុងកសិន្ធុឲ្យបន្តមានជីវិតក្នុងទឹកកសិន្ធុប្រាសាទបាគង។ លោក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ក្រោយមានករណីនេះកើតឡើងលោកអភិបាលស្រុក និងលោកបានបញ្ចេញកម្លាំងនគរបាលជាង១០០នាក់ បានចុះជួយអន្តរាគមន៍ដោយដាក់ក្បាលបូម និងការដឹកទឹកយកទៅចាក់បញ្ចូលនៅក្នុងកសិន្ធុនេះ។

មូលហេតុចម្បងមួយទៀតនោះ ព្រោះកសិន្ធុទឹកប្រាសាទបាគងមានទំនាក់ទំនងតែជាមួយនឹងស្រទាប់ទឹកក្រោមដី ហើយក៏ពុំមានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយស្ទឹងណាទៀតដែរ។ សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន ដោយសារទឹកនៅកសិន្ធុប្រាសាទបាគងរីងខះនៅកន្លែងខ្លះ បានធ្វើឲ្យត្រីប្រា និងត្រីធំៗមួយចំនួនស្លាប់ជាបន្តបន្ទាប់៕

លោកអធិការស្រុក និងអាជ្ញាធរ សូមថ្លែងអំណរគុណចំពោះក្រុមនិស្សិតសាកលវិទ្យាល័យភ្នំពេញ ក្រុមការងារចុះជួយភូមិត្រាង និងលោក តាន់ សុភ័ក្រ្តា រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយឧបត្ថម្ភជាប្រេងម៉ាស៊ូត ទឹកបរិសុទ្ធ ភេសជ្ជ: បាយកញ្ចប់ មីកំប៉ុង និងជួយដាំបាយធ្វើម្ហូប ជូនដល់ក្រុមការងារដែលកំពុងបំពេញប្រតិបត្តិការ ជួយសង្រ្គោះត្រីក្នុងស្រះទឹកកសិន្ធុ ប្រាសាទបាគង។

ជាមួយគ្នានេះលោកក៏សូមគោរពថ្លែងអំណរគុណចំពោះលោក សំ វណ្ណថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរលួស ស្រុកប្រាសាទបាគង និងគណៈប្រតិភូ ដែលបានអញ្ជើញ ចុះមកពិនិត្យស្ថានភាពស្រះទឹកកសិន្ធុប្រាសាទបាគង និងសាកសួរសុខទុក្ខ ក្រុមការងារកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ និងបានជួយឧបត្ថម្ភជាថវិកាចំនួន២លានរៀល រួមជាមួយ ទឹកសុទ្ធ២០កេស ភេសជ្ជៈ២០កេស ដល់ក្រុមការងារផងដែរ៕