(ភ្នំពេញ)៖ លោកស្នងការរងចំនួន៣រូប តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកសម្ភារ និងថវិកាមួយចំនួន របស់លោកស្នងការ ដើម្បីយកមកផ្តល់ជូនមន្ត្រី២រូប បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍។

មន្ដ្រីនគរបាលទាំង២រូបនោះ បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ កាលពីយប់ថ្ងៃទី១២ នៅក្នុងខណ្ឌបឹងកេងកង ដែលបង្កឡើងដោយបុរសម្នាក់បើកបរល្មើសច្បាប់ ក្នុងល្បឿនលឿន ក្នុងគោលបំណងប៉ងបុកសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់។

តាមការឲ្យដឹង របស់លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ជនបង្កនេះ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង និងរៀបចំសំណុំឯកសារបញ្ជូន ទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕