(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ស្ថាបនិករមនីយដ្ឋានកៀនស្វាយក្រៅ និងលោក កែវ សុខឃាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរួមគ្នាចុះដោះស្រាយសំណើរ សំណូមពរ និងតម្រូវការចាំបាច់ជូនដល់អាជីវករលក់នៅរមណីយដ្ឋានកៀនស្វាយក្រៅ។

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានស្នើឲ្យអ្នកលក់ដូរមានសណ្តាប់ធ្នាប់ និងអនាម័យល្អ ជាពិសេសត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងនោះក្រុមអាជីវករលក់ដូរនៅរមណីយដ្ឋានកៀនស្វាយ ក៏បានសំណូមពរដល់ក្រុមការងារឲ្យជួយស្តារប្រព័ន្ធប្រឡាយលូ និងអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ផងដែរ។

លោក កែវ សុខឃាង បានថ្លែងថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហាទំាងនេះជាបន្ទាន់នៅពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរ ដែលជាការលើកឡើងរបស់ ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។ លោកប្រធានក្រុមការងារបានបញ្ជាក់ថា ចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយថ្នាក់ជាតិ រដ្ឋបាលខេត្ត នឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការ ដោះស្រាយជួយអាជីវករលក់ដូរឲ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាក។

ក្នុងឱកាសនោះ លោក កែវ សុខឃាង ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ ត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគ ដ៏កាចសាហាវនេះ ខណៈពេលដែលមេរោគកូវីដ១៩នេះ បានឆ្លងទៅលើមនុស្សនៅលើពិភពលោកជិត៨លាននាក់ និងបានសម្លាប់មនុស្សជាង៤០ម៉ឺននាក់។ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចភ្ញៀវដែលមកទិញចំណីអាហារនៅទីនេះ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។

លោកក៏បានអំពាវនាវដល់បងប្អូនក្រុមអាជីវករទាំងអស់ឲ្យថែរក្សាសុខភាព ពិសេសត្រូវមានអនាម័យឲ្យបានល្អដោយអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំគ្នា និងប្រមូលផ្តុំគ្នាដើម្បីបញ្ចៀសការឆ្លងជំងឺ Covid-19 ទាំងអស់គ្នា។

លោកប្រធានក្រុមការងារ បានចាត់ទុកថា ការដាក់សំណើរ និងកង្វល់របស់ប្រជាពលរដ្ឋជាអាជីវករ ដែលបានលើកឡើងជាបន្ទាន់នេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរក្នុងកាដោះស្រាយជូនដល់បងប្អូន ប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។

លោកបានថ្លែងថា វេទិកាសាធារណៈ ដែលរៀបចំដោយមូលដ្ឋាននេះ ពិតជាមានសារៈសំខាន់ណាស់ដែលបានដឹងពីព័ត៌មាន និងតម្រូវការថ្មីៗរបស់បងប្អូនអាជីវករដែលលក់ដូរនៅមូលដ្ឋាននោះ ដើម្បីឲ្យអាជ្ញាធរចាត់វិធានការណ៍ដោះស្រាយឲ្យចំទិសដៅជូន។ លោក កែវ សុខឃាង បានបញ្ជាក់ថា វេទិកាសាធារណៈនេះនឹងបន្តរៀបចំនៅពេលក្រោយៗទៀត ដើម្បីផ្តល់ឱកាសដល់អាជីវករបាន ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយក្រុមការងារចុះជួយមូលដ្ឋាន។

សូមបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅរមណីយដ្ឋានកៀនស្វាយក្រៅនេះ មានអ្នកចូលរួមប្រមាណជាង៣០០នាក់ ក្នុងនោះអ្នកលើកជាសំណើរ និងសំណួរ ផ្ទាល់មាត់មានចំនួន៤នាក់៕