(ភ្នំពេញ)៖ សម្ភារទប់ស្កាត់មេរោគកូវីដ១៩ រួមមាន ម៉ាស់ចំនួន១០ម៉ឺន និងរបាំងមុខចំនួន២ពាន់ ដែលជាការឧបត្ថម្ភរបស់លោក ជូរ រិកហឺ ចៅប្រុសបង្កើតរបស់អតីតនាយករដ្ឋមន្រ្តីចិន ជូរ អេងឡាយ និងសប្បុរសជនផ្សេងទៀត ត្រូវបានធ្វើការប្រគល់ជូនអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកជួយបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។

ពិធីប្រគល់ និងទទួលសម្ភារ បានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្រោមវត្តមាននាយឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង និងលោកស្រី អឿ តារាបុប្ផា នាយិកា ក្រុមហ៊ុន B Start Trading Co,Ltd តំណាងម្ចាស់អំណោយ។

នាឱកាសនោះ នាយឧត្ដមសេនីយ៍ ម៉ក់ សារុន ក្នុងនាម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាយវិការរឹតចំណងសាមគ្គីភាព មិត្តភាព រួមសុខរួមទុក្ខរបស់ម្ចាស់អំណោយ ជាពិសេសរដ្ឋាភិបាលកងទ័ពប្រជាជនចិន ដែលជានិច្ចកាលតែងបានជួយឧបត្ថម្ភ សម្ភារប្រឆាំងកូវីដ១៩ជាបន្តបន្ទាប់ដល់កម្ពុជា។

នាយឧត្ដមសេនីយ៍ ម៉ក់ សារុន បានគូសបញ្ជាក់ថា «កន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការប្រកាសរបស់ក្រសួងសុខាភិបាល កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តវិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងពីអ្នកកើតទៅអ្នក ដែលមិនទាន់កើតជំងឺនេះ រាលដាលទៅជាចង្គោម ទ្រង់ទ្រាយធំ នៅក្នុងសហគមន៍»