(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសកម្ពុជា មានចំនួនតិចតួចក៏ដោយ ប៉ុន្តែជំងឺនេះ នៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុត និងមិនទាន់មានថ្នាំព្យាបាលនោះទេ។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា បងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ឲ្យសោះ ទោះបីរស់នៅទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។ ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុត ដែលមកទល់ពេលនេះចំនួនអ្នកឆ្លងរោគលើពិភពលោកបានកើនឡើង គួរអោយបាមរម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ។

សូមបងប្អូនប្រជាពលរដ្ឋប្រើម៉ាសពាក់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ កុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់។ បើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលលើជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។

ថ្ងៃ នេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ ២១៦ ប្រទេស គឺមានអ្នកឆ្លងរោគកូវីដ-១៩បានកើនឡើង ៧,៤១០,៥១០ នាក់ហើយ រីឯចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ ៤១៨,២៩៤នាក់ដែរ។

សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ឲ្យសោះ ទោះបីរស់នៅទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។

បើមានការសង្ស័យចំពោះអាការះរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មីដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។ សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំអស់គ្នា»។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេសកម្ពុជា សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួនម្នាក់ប៉ុណ្ណោះ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន៕