(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ចុះចែកជូនដល់ជនរងគ្រោះ និងងាយរងគ្រោះចំនួន២៩១គ្រួសារ ចំនួន៣ទីតាំង នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានឱ្យដឹងថា ប្រជាពលរដ្ឋងាយរងគ្រោះត្រូវបានទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មានចំនួន២៩១គ្រួសារ មកពី៧ឃុំក្នុងនោះមាន ឃុំដូង ៣៥គ្រួសារ ឃុំសាមគ្គី ២៧គ្រួសារ ឃុំក្រយា ៦៨គ្រួសារ ឃុំសាគ្រាម ៣៥គ្រួសារ ឃុំផាន់ញ៉ើម ៣៣គ្រួសារ ឃុំសាលាវិស័យ ៤៦គ្រួសារ និងឃុំទួលគ្រើល ៤៧គ្រួសារ។

លោក សុខ លូ បានឱ្យដឹងថា សម្រាប់ខេត្តកំពង់ធំប្រជាពលរដ្ឋដែលចំណាកស្រុកមកពីប្រទេសថៃមាន ៦,១០០នាក់ តែពុំទាន់រកឃើញអ្នកណាឆ្លងមេរោគ Covid-19 ឡើយ និងក៏ពុំទាន់មានអ្នកស្លាប់ដែរ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យថែរក្សាសុខភាព ពិសេសត្រូវមានអនាម័យឲ្យបានល្អដោយអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំគ្នានិងប្រមូលផ្តុំឡើយ។

លោក សុខ លូ ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃនឹងសាប៊ូ ឫអាល់កុលដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគដ៏កាចសាហាវនេះ ខណៈពេលដែល មេរោគកូវីដ១៩នេះ បានឆ្លងទៅលើមនុស្សនៅលើពិភពលោកជាង៧លាននាក់ និងបានសម្លាប់មនុស្សជាង៤២ម៉ឺននាក់។ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយ បងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។

លោក សុខ លូ ក៏បានអំពាវនាវឲ្យមាតាបិតាអាណាព្យាបាល រួមទាំងក្រុមយុវជនទាំងអស់ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះវាជាអាវុធបំផ្លាញអនាគត បំផ្លាញសុខភាព និងសង្គមជាតិ ដូច្នេះសូមកុំគិតថាបញ្ហាគ្រឿងញៀនជាតួនាទីរបស់សមត្ថកិច្ចឲ្យសោះ គឺត្រូវចូលរួមការពារទប់ស្កាត់ទាំងអស់គ្នាមិនឲ្យមានគ្រឿងញៀន នៅក្នុងមូលដ្ឋាន របស់យើង។

សូមបញ្ជាក់ថា អំណោយដែលពលរដ្ឋងាយរងគ្រោះ ២៩១គ្រួសា ទទួលបានក្នុងមួយគ្រួសារទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យូរ ត្រីខ១យួរ សាប៊ូ១ដុំ ច្រាស១ និងអង្ករ ២៥ឡូក្រាម៕