(ភ្នំពេញ)៖ លោកទន្ដបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា ករណីពុលស្រាថ្នាំនៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បណ្ដាលឱ្យមានអ្នកពុលស្លាប់ចំនួន៧នាក់ និងត្រូវបានសង្គ្រោះបន្ទាន់ជាបន្ដបន្ទាប់ចំនួន ៣៣នាក់។

លោកបានបញ្ជាក់ទៀតថា អ្នកពុលស្រាថ្នាំទាំង៣៣នាក់នេះ កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅក្នុងស្រុក មង្គលបុរី ចំនួន៩នាក់, នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំនួន២០នាក់, នៅមន្ទីរពេទ្យខេត្តសៀមរាប២នាក់ មានសភាពធ្ងន់ធ្ងរដែលបានបញ្ជូនពីមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និង២ករណី មិនមានរោគសញ្ញាធ្ងន់ធ្ងរកំពុងតាមដានសុខភាពនៅផ្ទះរបស់គាត់។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានថ្លែងបន្ដទៀតថា «ថ្ងៃនេះយើង បានដឹកនាំមន្រ្ដីជំនាញការិយាល័យចំណីអាហាររបស់ក្រសួងសុខាភិបាល អមដំណើរដោយប្រធានមន្ទីរសុខាភិបាលខេត្ដបន្ទាយមានជ័យ ចុះពិនិត្យ និងអន្ដរាគមន៍ផ្ទាល់លើករណីពុលស្រាថ្នាំ បណ្ដាលឱ្យមានអ្នកពុលស្លាប់ និងត្រូវបានសង្គ្រោះបន្ទាន់ជាបន្ដបន្ទាប់ នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដោយគិតត្រឹមថ្ងៃនេះមានករណីពុលសរុប ៤០នាក់»

ក្នុងនោះបានជួបពិភាក្សាជាមួយលោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ, ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីមួយចំនួនទៀត ដើម្បីពង្រឹងសុវត្ថិភាពសុខភាពជូនពលរដ្ឋ និងបន្ដយកចិត្ដទុកដាក់ខ្ពស់បន្ថែមទៀត។

លោកទន្ដបណ្ឌិត អឿន បូរារ័ត្នន៍ បានបន្ដថា តាមការបញ្ជាក់ពីខាងអភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះ បានប្រមូលស្រាថ្នាំចិនសែ តាំងគួយ ដែលបង្កឱ្យពុលបានចំនួន ១,៦០០០ដប ហើយនឹងខិតខំបន្តចុះស្រាវជ្រាវប្រមូលបន្ថែមទៀត។

ក្នុងឱកាសនោះ លោកទន្ដបណ្ឌិត អឿន បូរារ័ត្នន៍ ក៏បានជំរុញលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យ យកចិត្ដទុកដាក់បន្ថែមទៀតក្នុងការផ្ដល់សេវាព្យាបាល ជូនពលរដ្ឋឱ្យបានកាន់តែប្រសើរ និងឱ្យមន្រ្ដីជំនាញការិយាល័យចំណីអាហាររបស់ក្រសួងសុខាភិបាល បន្ដយកចិត្តទុកដាក់ចុះស្រាវជ្រាវរកករណីដែលនៅសល់។ លើសពីនោះ ស្នើឱ្យអាជ្ញាធរ បន្ដចុះប្រមូលយកស្រាដែលមានសារធាតុពុល និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីបញ្ហាការពុល និងបញ្ឈប់ការពិសាស្រាខាងលើនេះ៕