(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នេះថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ក្រុមការងារចម្រុះដែលទទួលដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋបុរីកីឡា នឹងរៀបចំ ការត្រួតពិនិត្យ ប្រគល់រប​បគោលនយោបាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលព្រមទទួលយកនូវលទ្ធផល នៃការបិទផ្សាយរបស់ សាលារាជធានី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ។

អ្នកនាំពាក្យដដែលរូបនោះបានបញ្ជាក់ថា ការប្រគល់របបគោលនយោបាយដល់អ្នកបុរីកីឡា នឹងរៀបចំឡើងនៅទីតាំងបុរីកីឡា នាម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ស្អែកនេះ។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅបុរីកីឡា មានប្រមាណជាង១២០គ្រួសារ។  លោក ឡុង ឌីម៉ង់ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋ ដែលសេសសល់ជាង១២០គ្រួសារនេះ ភាគច្រើនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខ​ខណ្ឌទាំង៤ របស់គណៈកម្មការ ដោះស្រាយវិវាទដីធ្លី នៅបុរីកីឡា ហើយថាពួកគេគួរតែទទួលយកដំណោះស្រាយ របស់អាជ្ញាធរដោយមានលក្ខណៈសមស្រប ។

លោកថា យ៉ាងណាក៏ដោយ អាជ្ញាធរនឹងពិនិត្យមើលឯកសាររបស់ពួកគេឱ្យលម្អិតថែមទៀត ហើយលោកអំពាវនាវឱ្យពលរដ្ឋដែលនៅ សេសសល់ទាំងនោះយកឯកសារ និងសាក្សីបញ្ជាក់ ដើម្បីទទួលបាន តាមការទាមទាររស់នៅក្នុងបុរីកីឡា៕