(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ សប្តាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំ ដោយមានរបៀបវារៈចំនួន៥។ នេះបើតាមការជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របៀបវារៈទាំង៥នោះ រួមមាន៖

១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។

២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ទៅក្នុងរបៀបវារៈនៃសម័យប្រជុំ លើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។

៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ទៅក្នុងរបៀបវារៈនៃសម័យ ប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។

៤៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៧ព្រឹទ្ធសភា សុំដាក់សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្ដីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។

៥៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤៕