(ស្ទឹងត្រែង)៖ ជនមិនស្គាល់មុខមួយក្រុម ប្រើប្រាស់កាំភ្លើងកែច្នៃបាញ់មកលើសមត្ថកិច្ច ពេលកំពុងល្បាតក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង តែមិនបណ្ដាលឲ្យមានអ្នកណា រងរបួសនោះទេ។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ខេង សារុន មេបញ្ជាការរងយោធភូមិភាគទី១ បានឲ្យដឹងថា លោកបានដឹកនាំក្រុមការងារចុះស្រាវជ្រាវលើករណីនេះ ក្រោយមានករណីផ្ទុះអាវុធកាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅចំណុចដែនជម្រកសត្វព្រៃសៀមប៉ាង ចំណុច UTM 0636244.1563741 ភូមិសាស្ត្រត្រពាំងអង្គ្រង ភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

តាមការបំភ្លឺរបស់ក្រុមមន្ត្រីឧទ្យានុរក្ស បានបញ្ជាក់ថា នៅយប់កើតហេតុ មានក្រុមជនមិនស្គាល់មុខ ប្រដាប់ដោយអាវុធកែច្នៃបានបាញ់មួយគ្រាប់ មិនដឹងគោលបំណងច្បាស់លាស់។ ភ្លាមនោះក្រុមល្បាតបានចុះត្រៀមកម្លាំង សម្រាប់តែក្រុមជនល្មើសបានបាញ់មកលើទីតាំងស្នាក់នៅ របស់ក្រុមមន្ត្រីឧទ្យានុរ ចំនួន០២គ្រាប់ទៀត ហើយក្រុមល្បាតក៏បាញ់តបតទៅវិញ ដើម្បីការពារខ្លួន ដែលធ្វើឲ្យក្រុមជនល្មើសបានបាញ់ស្រោចកាន់តែខ្លាំង មកលើក្រុមល្បាតជាច្រើនគ្រាប់ ហើយសមត្ថកិច្ចក៏បាញ់តបទៅវិញជាច្រើនគ្រាប់ដែរ ធ្វើឲ្យក្រុមជនល្មើសដកថយទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញទុកនូវសំបកគ្រាប់ចំនួន១២គ្រាប់ (ប្រភេទគ្រាប់ AK47) ដែលរហូតមកដល់ពេលនេះ កម្លាំងយោធភូមិភាគទី១ទាំងអស់ តាមបណ្ដោយព្រំដែនកំពុងស្ទាក់ចាំមើលក្រែងជាប្រជាជនឡាវ ចូលឆ្លងដែនខុសច្បាប់មកបរបាញ់សត្វនៅក្នុងដែនជម្រកសត្វព្រៃ៕