(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ខាងភាគីកម្ពុជា ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំកម្រិតអគ្គលេខាធិការតាមប្រព័ន្ធ Video Conference ជាមួយនឹងសមភាគីរបស់ខ្លួន គឺលោក Luo Zhaohui អនុរដ្ឋមន្ត្រី នៃក្រសួងការបរទេសចិន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល ខាងភាគីចិន ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ របស់ប្រទេសទាំងពីរ។

កិច្ចប្រជុំកម្រិតអគ្គលេខាធិការនេះ គឺដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង សហប្រធានខាងភាគីកម្ពុជា និងលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន ដើម្បីត្រួតពិនិត្យការអនុវត្ដភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាព៥ឆ្នាំ ក្នុងការកសាងសហគន៍វាសនារួម ព្រមទាំងការដាក់ទិសដៅ និងវិធានការពាក់ព័ន្ធថ្មីៗបន្ថែមទៀត ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ឬបញ្ចប់។

កិច្ចប្រជុំកម្រិតអគ្គលេខាធិការ តាមរយៈប្រព័ន្ធ Video Conference ក៏ដើម្បីបន្តនិរន្តរភាព, ជំរុញ និងលើកកម្ពស់ នៃកិច្ចសហកិច្ចសហប្រតិបត្តិការ ប្រទេសយើងទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ក្នុងស្មារតី ជាមិត្តប្រវត្តិសាស្ត្រ និងជាមិត្តដែកថែបរវាងកម្ពុជា-ចិន ដែលនឹងផ្តល់នូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ, ដល់តំបន់ និងពិភពលោកទាំងមូល ពិសេសប្រជាជនកម្ពុជា ក្នុងការធានារក្សាសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការលើកតម្កើងជីវភាព រស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង សហប្រធានខាងភាគីកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន ជាសហប្រធានខាងភាគីចិន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន តាម Video Conference នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះ នឹងមានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន១៦ស្ថាប័នខាងកម្ពុជា និងចំនួន១៥ស្ថាប័នខាងចិនចូលរួម ដើម្បីអនុវត្ដន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងផែនការសកម្មភាព៥ឆ្នាំក្នុងការកសាងសហគន៍វាសនារួម។

កិច្ចប្រជុំគណៈកម្មាធិការនេះ នឹងពិភាក្សាលំអិតអំពីការអនុវត្ដន៍គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា ហិរញ្ញប្បទានជាជំនួយឥតសំណងរបស់ចិន ព្រមទាំងការនាំចេញអង្ករ ចេក ស្វាយ ទុរេន ម្រេច ស្វាយចន្ទី កៅស៊ូ ស្ករស និងម្សៅដំឡូងមី។ល។ទៅប្រទេសចិន ដើម្បីជួយកសិករយើងជាពិសេស កម្មករ កម្មការិនី ដែលបច្ចុប្បន្នត្រូវរោងចក្រវាយនភ័ណ្ឌខ្លះបានបិទទ្វារដោយអត់ការបញ្ជទិញ និងដើម្បីភាពអវិជ្ជមាននៃជំងឺ Covid-19 មកលើកម្ពុជាក៏ដូចក្នុងសាកលលោកដែរ៕