(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឃាត់រថយន្តសាំយ៉ុងដឹកផលអនុផលព្រៃឈើមួយគ្រឿង នៅចំណុចជិតអូរពងមាន់ ស្ថិតភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង នាំយកទៅកាន់ទីបញ្ជាដ្ឋានកងរាជអាវុធហត្ថ រួចប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ។

មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កម្លាំងបានចេញប្រតិបត្តិភ្លាម ហើយដេញតាមស្ទាក់បាន ខណៈដែលរថយន្តផ្ទុកផលអនុផលព្រៃឈើនោះ បានបែកកង់ទៅមុខលែងទៅរួច។ លោកថា រថយន្តសាំយ៉ុងខាងលើនោះ ពាក់ផ្លាកលេខ ភ្នំពេញ 2E-3358 ពណ៌ស រួមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី១១ ខែមិថុនា។

លោក សុខ ស៉ីដា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានបញ្ជាក់ថា លោកបានទទួលវត្ថុបទល្មើសនោះរួចហើយ ដោយលោកពិនិត្យឃើញថា អនុផលព្រៃឈើដែលលោកបានទទួល ជាប្រភេទឈើសុក្រំ (ទ្វារ) មានចំនួន៤មែត្រគីប២៣៣។

រថយន្តដឹកទ្វារជាផលអនុផលព្រៃឈើខាងលើ មានម្ចាស់ឈ្មោះ ផាន់ណា គឺជាមេឈ្មួញជើងខ្លាំងខាងលួចដឹកជញ្ជូនឈើចេញពីដែនដីស្រុកថាឡាបរិវ៉ាត់ ជាយូរណាស់មកហើយ ដែលមន្រ្តីជំនាញរដ្ឋបាលព្រៃឈើស្រុកនោះ មិនដែលឃើញបង្ក្រាបបាននោះឡើយ ទើបតែអាវុធហត្ថខេត្តបង្ក្រាបបានចាំតែទទួលតែម្តង។

បច្ចុប្បន្ន វត្ថុតាងបទល្មើសកំពុងរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕