(កំពង់ចាម)៖ មនុស្ស៧នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលខេត្តចាប់ខ្លួនជាបន្ដបន្ទាប់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។

ជាលទ្ធផលនៃប្រតិបត្ដិការ ដោយប្រើវិធានរដ្ឋបាលចំហរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ រួមមាន៖ ទី១៖ឈ្មោះ ថូ ប៊ុនធឿន អាយុ៥៩ឆ្នាំ, ទី២៖ឈ្មោះ ឈុន ឡាំងឃុយ អាយុ២៦ឆ្នាំ, ទី៣៖ឈ្មោះ ភី ចាន់ធូ អាយុ៣៧ឆ្នាំ, ទី៤៖ឈ្មោះ ធី ថង់ អាយុ៣៧ឆ្នាំ, ទី៥៖ឈ្មោះ នី សុខណា អាយុ៣៤ឆ្នាំ, ទី៦៖ឈ្មោះ យីម យឿន អាយុ៤៩ឆ្នាំ និងទី៧៖ឈ្មោះ កាន់ ពិសី ហៅកៃ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន២៣កញ្ចប់ ទូរស័ព្ទដៃចំនួន៨ និងម៉ូតូចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕