(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ទើបចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការគិតថ្លៃសេវាធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យ ព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរដ្ឋ សម្រាប់ជនបរទេសចូលមកប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងជនបរទេសដែលចូលមកប្រទេសកម្ពុជា ជាបអំពីការគិតថ្លៃសេវាពីជនបរទេស ដែលចូលមកប្រទេសកម្ពុជា សម្រាប់ការធ្វើតេស្តរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរ ពេទ្យរដ្ឋ ដូចខាងក្រោម៖

១៖ ការបង់ថ្លៃសម្រាប់អ្នកដំណើរជនបរទេស ដែលចូលមកប្រទេសកម្ពុជា ក្នុងអំឡុងពេលរង់ចាំយកសំណាកវិភាគ រហូតដល់ការចេញលទ្ធផលតេស្តកូវីដ១៩៖

* ថ្លៃដឹកជញ្ជូនពីព្រលានយន្តហោះ ទៅមណ្ឌលសំចតរង់ចាំធ្វើ ៥ដុល្លារ/១នាក់/១ជើង
* តេស្ត និងទទួលលទ្ធផលតេស្ត តម្លៃយកសំណាក និងដឹកជញ្ជូនសំណាកទៅមន្ទីរពិសោធន៍ដើម្បីធ្វើតេស្ត និងការចេញលទ្ធផល ១០០ដុល្លារ/១ដង/១នាក់
* តម្លៃស្នាក់នៅក្នុងសណ្ឋាគារ ឬ មណ្ឌលសំចត ដែលកំណត់ដោយគណៈកម្មការអន្តរក្រសួង ៣០ដុល្លារ/១ថ្ងៃ/១នាក់
* ថ្លៃអាហារបីពេល៣០ដុល្លារ/១ថ្ងៃ/១នាក់

២៖ ការបង់ថ្លៃសម្រាប់អ្នកដំណើរអវិជ្ជមាន ដែលរួមដំណើរជាមួយអ្នកដំណើរវិជ្ជមាន ដែលត្រូវធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ឬតាមមណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ

* ថ្លៃដឹកជញ្ជូន ៥ដុល្លារ/១នាក់/១ជើង
* តម្លៃស្នាក់នៅក្នុងសណ្ឋាគារ ឬ មណ្ឌលចត្តាឡីស័ក ៣០ដុល្លារ/១ថ្ងៃ/១នាក់
* តម្លៃយកសំណាក និងដឹកជញ្ជូនសំណាក ទៅមន្ទីរពិសោធន៍ដើម្បីធ្វើតេស្ត និងការចេញលទ្ធផល ១០០ដុល្លារ/១ដង/១នាក់
* ថ្លៃអាហារបីពេល៣០ដុល្លារ/១ថ្ងៃ/១នាក់
* សេវាបោកគក់ និងអនាម័យ ១៥ដុល្លារ/១ថ្ងៃ/១នាក់
* សេវាគ្រូពេទ្យប្រចាំការសម្រាប់រយៈពេលចត្តាឡីស័ក ក្នុងមួយមណ្ឌល (គិតជាកញ្ចប់) ៦ដុល្លារ/១ថ្ងៃ/១នាក់
* សេវាសន្តិសុខ (គិតជាកញ្ចប់) ៣ដុល្លារ/១ថ្ងៃ/១នាក់

៣៖ ការបង់ថ្លៃក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ វិជ្ជមាននៅមន្ទីរពេទ្យរដ្ឋ

* ថ្លៃដឹកជញ្ជូន ៥ដុល្លារ/១នាក់/១ជើង
* ការធ្វើតេស្ត (អប្បរមាចំនួន៤ដង) ១០០ដុល្លារ/១នាក់/១ដង
* ថ្លៃបន្ទប់ក្នុងមន្ទីរពេទ្យ ៣០ដុល្លារ/១ថ្ងៃ/១នាក់
* ថ្លៃព្យាបាល រួមទាំងថ្លៃថ្នាំ អតិបរមា១៥០ដុល្លារ/១ថ្ងៃ
* ថ្លៃអាហារបីពេល ៣០ដុល្លារ/១ថ្ងៃ/១នាក់
* សេវាបោកគក់ ១៥ដុល្លារ/១ថ្ងៃ/១នាក់
* សេវាសង្គ្រោះបន្ទាន់ ទៅតាមតារាងតម្លៃសេវាដែល មានស្រាប់របស់មន្ទីរពេទ្យ
* ករណីពិនិត្យ ព្យាបាលជំងឺប្រចាំកាយផ្សេងៗ ទៅតាមតារាងតម្លៃសេវាដែល មានស្រាប់របស់មន្ទីរពេទ្យ
* បូជាសព ១៥០០ដុល្លារ/១នាក់

៤៖ ការចេញលិខិតបញ្ជាក់សុខភាពពាក់ព័ន្ធជំងឺកូវីដ១៩

* ការធ្វើតេស្ត ១០០ដុល្លារ/នាក់/១ដង
* ចេញវិញ្ញាបនបត្របញ្ជាក់សុខភាព ៣០ដុល្លារ/១នាក់/១ដង

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា អ្នកដំណើរជាជនបរទេស ដែលបានមកដល់កម្ពុជា ត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងទឹកប្រាក់យ៉ាងតិច ៥០០០០ដុល្លារ និងមានប្រាក់តម្កល់ (ជាសាច់ប្រាក់ ឬបណ្ណឥណពន្ធ) ហើយត្រូវបង្កកនៅធនាគារពាណិជ្ជ ដែលកំណត់នៅទីតាំងព្រំដែននីមួយៗ ដែលមានចំនួនយ៉ាងតិច ៣០០០ដុល្លារ ហើយថវិកានេះត្រូវរក្សាទុក ដើម្បីធ្វើការទូទាត់ចំណាយផ្សេងៗ ក្នុងពេលអនុវត្តវិធានការសុខាភិបាល៕