(ភ្នំពេញ)៖ ក្រោយពីបានទទួលព័ត៌មានពីការពុលស្រាថ្នាំចិនសែ នៅខេត្តបន្ទាយមានជ័យ នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានកំណត់យកវិធានការណ៍ចំនួន៣ សម្រាប់បើកយុទ្ធនាការទ្រង់ទ្រាយធំនៅទូទាំងប្រទេស ។

វិធានការណ៍ទី១ បើកការស្រាវជ្រាវ និងស៊ើបអង្កេត កន្លែងកើតហេតុ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានសាកសួរព័ត៌មាន និងយកគំរូសំណាក ស្រាថ្នាំចិនសែនេះ មកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ខា្នតតូចរបស់សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលមន្ត្រីជំនាញបានធ្វើតេស្ត រកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង០.៣៥% ដែលជាអត្រាខ្ពស់ អាចបណ្ដាលឱ្យស្លាប់បាន ប្រសិនបើទទួលទានច្រើន។

វិធានការណ៍ទី២ មន្ត្រីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានបើកប្រតិបត្តិការបង្រ្កាបទីតាំងផលិត និងចែកចាយស្រាថ្នាំចិនសែនេះ ដោយសហការជាមួយព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំបើកទីតាំងផលិត ដើម្បីស្វែងរកវត្ថុតាង និងរឹបអូសផលិតផលស្រាថ្នាំចិនសែទាំងនោះ។

វិធានការណ៍ទី៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានបញ្ជាឱ្យសាខា ក.ប.ប. រាជធានី-ខេត្ត ទាំងអស់ប្រមូលត្រលប់មកវិញ នូវស្រាថ្នាំចិនសែយីហោ «តាំង គួយ» ដែលមានការសង្ស័យ មានហានិភ័យដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត ដល់អ្នកប្រើប្រាស់ ។

របាយការណ៍បណ្តោះអាសន្ន ប្រតិបត្តិការទូទាំងប្រទេសមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានរឹបអូសបានស្រាថ្នាំចិនសែយីហោ «តាំង គួយ» បានចំនួន១៣,៩៨៩ ដប ស្នើនឹង៦,៩៩៤.៥០លីត្រ។

មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកទទួលទានស្រាថ្នាំចិនសែ «តាំង គួយ» នេះ ជាពិសេសសូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់។

ក្នុងករណីសង្ស័យថាមានបញ្ហា សូមទំនាក់ទំនងមកកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ តាមរយៈលេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ ឬ ០៩២ ៨៣០ ៨៥៦៕