(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានរាជរដ្ឋាភិបាលប្តូរឈ្មោះទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលថ្មីៗកន្លងទៅនេះ ការតែងតាំងមន្ត្រីឡើងវិញ នៃអតីតក្រសួងចាស់ ត្រូវបានធ្វីជាបន្តបន្ទាប់។

ជាក់ស្តែងនៅព្រឹកថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២០ មានរៀបចំពិធីប្រគល់ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសជូន មន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន៤២នាក់ ចាប់ពីថ្នាក់អគ្គនាយក រហូតដល់ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទាំង២៥ រាជធានី-ខេត្ត ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួង។

ពិធីនេះ ជាការតែងតាំងមន្ត្រីចាស់ឡើងវិញផង និងសម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ ចំណុះអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផង ដែលជាអគ្គនាយកដ្ឋាន និងវិទ្យាស្ថានជាតិ ត្រូវបានបង្កើតឡើង ស្របជាមួយការបង្កើតឈ្មោះក្រសួងថ្មីនេះ។ ដោយឡែកលោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានចូលរួមផ្តល់កិត្តិយស ជាគណៈអធិបតីនាឱកាសនោះផងដែរ។

ថ្លែងនាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ការតែងតាំងនេះ គឺធ្វើឡើងឲ្យស្របតាមគោលការណ៍ច្បាប់ គឺថ្នាក់ដឹកនាំនិងមន្ត្រីចាស់ទាំងអស់ នៃអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវធ្វើការតែងតាំងឡើងវិញ ជាមួយនិងការសម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការថ្មីៗបន្ថែមទៀត ដើម្បីបំពេញរចនាសម្ព័ន្ធដឹកនាំ ក្នុងក្រសួងដែលទើបប្តូរឈ្មោះថ្មី។ ប៉ុន្តែថ្ងៃនេះ ការសម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ ចំណុះអគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺយើងបានតែងតាំងត្រឹម អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានប៉ុណ្ណោះ។ គឺយើងនៅត្រូវការរចនាសម្ព័ន្ធ ខាងក្រោមបន្តទៀត ដែលជាមន្ត្រីមានជំនាញលើវិស័យនេះ។ ដោយឡែកការតែងតាំងឡើងវិញ ឬសម្រួលភារកិច្ចមន្ត្រីក្រោមឱវាទមន្ទីរជុំវិញរាជធានី-ខេត្ត លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានណែនាំឲ្យថ្នាក់ដឹកនាំទទួលបន្ទុក ចុះធ្វើការងារតែងតាំងនេះ នៅតាមមូលដ្ឋានមន្ទីរនីមួយៗតែម្តង។

ឆ្លៀតក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាទេសរដ្ឋមន្ត្រី ក៏បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យក្រសួងបានដើរតួយ៉ាងសំខាន់ ក្នុងខឿនសេដ្ឋកិច្ចជាតិ ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេចប្តូរឈ្មោះថ្មី ហើយបានបញ្ចូលជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមុខជំនាញដ៏មានសារៈសំខាន់ ដែលក្រសួងត្រូវ ទទួលបន្ទុកការងារថ្មីនេះបន្ថែមទៀត។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ នឹងរួមគ្នាខិតខំប្រឹងប្រែងអនុវត្តការងារ ដែលរាជរដ្ឋាភិបាល និងក្រសួងប្រគល់ជូនស្របតាមជំនាញរៀងៗខ្លួនទទួលបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

លោក សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅ បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានបង្កើតជាផ្លូវការ ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាម រយៈព្រះរាជក្រម លេខៈនស/រកម/០៣២០/០០៩ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ អមដោយអនុក្រឹត្យ លេខៈ៤៨ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ ចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០។

បន្ទាប់មក លោក ជួរ ជេតទីវន្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ បានអានព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស ស្តីពីការត្រាស់បង្គាប់ និងតែងតាំងមន្រ្តីរាជការ ដោយលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអញ្ជើញផ្តល់កិត្តិយស ចែកជូន ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស ដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការចំនួន៤២ នាក់ គ្រប់ៗគ្នា៕