(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើភ្នំពេញ បាននាំយកដើមឈើគ្រប់ប្រភេទ បន្តទៅដាំនៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក ដើម្បីចូលរួមឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង ពិសេសឲ្យបរិវេណក្នុងវិទ្យាល័យទាំងមូលមានបរិស្ថានស្រស់ស្រាយ ដើម្បីបង្កើនបរិយាកាសល្អដល់សិស្សានុសិស្សស្រូបយកខ្យល់អាកាសបរិសុទ្ធនៃដើមឈើ។

ការដាំដើមឈើគ្រប់ប្រភេទជាច្រើនដើមធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីតាំងវិទ្យាល័យបឹងត្របែក ដែលមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនិងមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើននាក់ផងដែរ។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានប្រាប់ឲ្យដឹងថា ការដាំដើមឈើនៅព្រឹកនេះគឺ ដើម្បីជួយទ្រទង់បរិស្ថាននិងជួយលើសម្រស់ពណ៌បៃតងក្នុងបរិវេណសាលាផង និងក្នុងទីក្រុងភ្នំពញផងដែរ លោកបន្ថែមថា ឈើដែលដាំនៅពេលនេះជាប្រភេទឈើប្រណិតដែលកំរ រួមមាន៖ គ្រញូង ធ្នង់ បេង នាងនួន គគីរ និងឈើទាលផងដែរ។

លោក គាំ សីហា បានបន្តថា ជារៀងរាល់ឆ្នាំរដ្ឋបាលព្រៃឈើភ្នំពេញ តែងតែចុះដាំដើមឈើបន្ថែមនៅក្នុងទីតាំងវិទ្យាល័យ មន្ទីរពេទ្យ វត្តអារាម ជាដើម។

លោកបន្តថា «ការដាំដើមឈើក្នុងបរិវេណសាលានេះ មិនត្រឹមតែអាចផ្តល់ជាម្លប់ដល់សិស្សានុសិស្សទេ វាអាចជួយកាត់បន្ថយការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ហើយជួយកម្ចាត់ជាតិពុលនានា នៅក្នុងបរិវេណសាលា ក៏ដូចរាជធានីភ្នំពេញផងដែរ»

ជាមួយគ្នានេះ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានសំណូមឲ្យ សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំរួចឲ្យលូតលាស់ល្អ ព្រោះដើមឈើមានសារសំខាន់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោកផងដែរ៕