(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មានជនសង្ស័យ២នាក់ ដែលជាមេខ្យល់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព នាំប្រជាពលរដ្ឋខ្មែរ២៧នាក់ បម្រុងឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ តាមច្រកអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

របាយការណ៍របស់ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការជាមួយកម្លាំងនគរបាលព្រំដែនគោក ដឹកនាំនាំដោយលោកឧត្តមសេនីយ៍ត្រី ហង្ស បូ ស្នងការរង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ពន្ធ័ករណីនាំមនុស្ស លួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់តាមចំណុចខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖

*ទី១៖ ឈ្មោះ គង់ សារឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង
*ទី២៖ ឈ្មោះ ទិត គ័យ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំពោះប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ទាំង ២៧នាក់ មកពីខេត្តព្រៃវែង សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តទៅតាមច្បាប់។ ចំណែកជនរងគ្រោះទាំង ២៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់ឆ្លងដែនខុសច្បាប់តទៅទៀត៕