(កំពត)៖ រដ្ឋបាលខេត្តកំពត ដឹកនាំដោយលោក ជាវ តាយ អភិបាលខេត្ត នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើអនាម័យ សម្អាតបរិស្ថាន នៅតាមបណ្តោយមាត់ព្រែកកំពត ដើម្បីឆ្លើយតបទិវាបរិស្ថានជាតិ និងពិភពលោក ៥មិថុនា ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា» ដោយមានអ្នកពាក់ព័ន្ធ ចួលរួមប្រមាណ ៤០០នាក់។

ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់អំពីការរៀបចំប្រារព្ធទិវាបរិស្ថានពិភពលោក ៥មិថុនា ក្នុងគោលបំណងដើម្បីបំផុសចលនា អប់រំប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអាជីវករឲ្យមានការចូលរួមក្នុងចលនាកិច្ចគាំពារបរិស្ថាន ដើម្បីធានានូវគុណភាព និងលើកកម្ពស់ សោភណ្ឌភាពទីក្រុង សំដៅឲ្យបានបរិស្ថានល្អ ខ្យល់បរិសុទ្ធ និងទេសភាពស្រស់ត្រកាល គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានជម្រាបជូននូវខ្លឹមសារ ពាក់ព័ន្ធការងារ អភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់គ្នាថា «យើងគ្រប់គ្នាត្រូវយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបរិស្ថាន និងបង្ហាញពីទឹកចិត្តស្រលាញ់បរិស្ថាន ស្រលាញ់ជីវៈចម្រុះ ដែលជាប្រភពអាហាររបស់យើង»

លោក ជាវ តាយ បានក្រើនរំលឹក នូវកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ តាមសមត្ថភាព លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន និងស្វែងយល់អំពីបញ្ហាបរិស្ថាន និងគ្រប់គ្រងបញ្ហាទាំងនោះឲ្យបានសមស្រប តាមគោលការណ៍គ្រប់គ្រងបរិស្ថាន ដើម្បីនិរន្តរិ៍ភាពធនធាន ដល់កូនចៅជំនាន់ក្រោយ។ លោកថែមទាំងបានអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន ទូទាំងខេត្ត ត្រូវចូលរួមថែរក្សាសោភណ្ឌភាព អនាម័យជុំវិញខ្លួន ឲ្យមានសភាព ស្រស់ស្អាត សាកសមជាខេត្តទេសចរណ៍ទំនើបមួយ ពិសេសក្នុងក្រុងកំពត ត្រូវតែស្អាតឲ្យសមជាទីក្រុងគំរូនៅអាស៊ាន ដែលភ្ជាប់នឹងការអភិវឌ្ឍដោយចីរភាព៕