(ភ្នំពេញ)៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែងមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ប្រមាណ៩០ភាគរយ។ ពេលនេះអាជ្ញាធរ និងក្រុមការងារ បាននិងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់សំរាម ជាមួយនឹងការបុកស៉ីផាយ បេតុងជញ្ជាំងប្រឡាយ ដែលគ្រោងនឹងរួចរាល់នៅក្នុងឆ្នាំនេះ ដើម្បីបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ ដោយក្នុងពេលនេះ អាជ្ញាធរនិងក្រុមការងារ បាននិងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់កាយភក់ សំរាម និងបុកស៉ីផាយបេតុងជញ្ជាំងប្រឡាយ។

បើតាមលោក សាំ ពិសិដ្ឋ ការដ្ឋាននេះនឹងរួចរាល់នៅក្នុងឆ្នាំនេះ ឬក៏ឆាប់ជាងនេះ ដែលអាចបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងបានល្អប្រសើរ។

គួរជម្រាបថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដីកាលពីចុងខែមេសាកន្លងទៅនេះ បានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបាន គុណភាពស្តង់ដារ។

លើសពីនេះ ត្រូវជំរុញការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យនេះ ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗ ដើម្បីកាត់បន្ថយការជន់លិច ប្រកបដោយប្រសិទ្ធភាព និងដើម្បីឲ្យប្រជាពលរដ្ឋដែលរស់នៅបណ្តោះអាសន្ន នៅក្រោមស្ពានស្ទឹងមានជ័យមកស្នាក់នៅដីរបស់គាត់ នៅតាមមាត់ប្រឡាយវិញ។

ពាក់ព័ន្ធការស្ថាបនាប្រឡាយស្ទឹងមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំស្ថាបនាប្រឡាយនេះ កា្លយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់៕