(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបន្ដនីតិវិធី ដោយចុះសួរនាំទីតាំងលក់ស្រាចិនសែមួយកន្លែង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយមានហេតុការណ៍ករណីពុលស្រា បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងមួយចំនួនទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍ពុលស្រានេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមការបំភ្លឺបឋមពីជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ពេលល្ងាចក្រោយពីសម្រាកពីការងារសាងសង់សំណង់ ពួកគាត់មានគ្នាចំនួន៥ បានទៅទិញស្រាថ្នាំតាំងគួយ ចំនួន១យួ តំលៃ១២០០០រៀល យកមកផឹកមានម្ហូបក្លែង ដូចជាសាច់ឆ្កែ ផ្អក ត្រីប្រៃ បុកល្ហុងលាយក្តាម ជុំគ្នាផឹកអស់ស្រា។ លុះដល់ថ្ងៃទី០៩ ខែមិថុនា វេលាម៉ោង១១ថ្ងៃត្រង់ ស្រាប់តែមានអាការៈមិនស្រួល ដោយងងុយដេកដឹងថាពុល ទើបនាំគ្នាទៅពេទ្យរៀងៗខ្លួន។

អធិការនគរបាលស្រុកម៉ាឡៃ លោក បេន សំអាន បានបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវរកប្រភព ដែលចែកចាយថ្នាំចិនសែ និងកំពុងសាកសួរម្ចាស់តូបលក់ស្រាថ្នាំចិនសែនមួយកន្លែង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅក្បែរកន្លែងកើតហេតុផងដែរ។ លោកបន្តថា ក្រោយពីសាកសួរ លោកនឹងសុំគោលការណ៍ថ្នាក់លើដើម្បីបន្តនីតិវិធី៕