(តៃប៉ិ)៖ លោកស្រី Tsai Ing-wen ដែលមកពីគណបក្ស​វឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នឹងក្លាយមេដឹកនាំអាណត្តិក្រោយ និងជាប្រធានាធិបតីស្ត្រីទីមួយ របស់កោះតៃវ៉ាន់ បន្ទាប់ទទួលបានជោគជ័យ​ក្នុងការបោះឆ្នោត​សកល កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ។

គណកម្មាធិការបោះឆ្នោត​របស់តៃវ៉ាន់ (CEC) បានឲ្យដឹងថា បក្សរបស់លោកស្រី Tsai ទទួលបានសំឡេងគាំទ្រ៥ ៦,១២ភាគរយ ចំណែកបក្ស KMT របស់លោក Eric Chu ទទួលបានសំឡេងគាំទ្រ ៣១,០៤ ភាគរយ ខណៈដែលបក្សរបស់លោក James Soong ទទួលបានសំឡេងគាំទ្រចំនួន​ ១២,៨៤ភាគរយ។

សូមជម្រាបថា ការទទួលបានសំឡេងគាំទ្រចំនួន ៥៦,១២ភាគរយ ​របស់លោកស្រី Tsai គឺជាចំនួនគាំទ្រខ្ពស់បំផុតកម្រិតទីពីរក្នុងប្រវត្តិសាស្ត្ររបស់តៃវ៉ាន់ ដោយក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨កន្លងទៅនេះ បក្ស KMT របស់លោក Ma Ying-jeou ទទួលបានសំឡេងគាំទ្ររហូតដល់​ ៥៨,៤៤ភាគរយ។

ប្រភពដដែលបានឲ្យដឹងថា បក្ស​ DPP ទទួលបានអាសនៈចំនួន​ ៦៨ ក្នុងចំណោម​ ១១៣អាសនៈ ដែលចំនួននេះបានកើនឡើង ២៨អាសនៈបើប្រៀបធៀប​នឹងការបោះឆ្នោតកាលពីឆ្នាំ២០១២កន្លងទៅនេះ។ ចំណែកបក្ស KMT វិញបែរជាបាត់បង់​អាសនៈដ៏ច្រើនលើសលុបរបស់ខ្លួនជាលើកដំបូង ដោយទទួលបាន​ត្រឹមតែ៣៥អាសនៈប៉ុណ្ណោះ មានន័យថា បក្សនេះបាត់បង់ចំនួន​ ២៩អាសនៈ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១២កន្លងទៅនេះ។

ស្ត្រីដែលនឹងក្លាយជាប្រធានាធិបតីទីមួយរបស់តៃវ៉ាន់រូបនេះ បានថ្លែងបន្ទាប់ពីជ័យជម្នះរបស់ខ្លួនថា «យើងនឹង​បន្ត​បោះជំហានទៅមុខ និងកសាងទំនុកចិត្ត​របស់ប្រជាពលរដ្ឋទៅលើរដ្ឋាភិបាលបន្ថែមទៀត»៕