(ប៉ៃលិន)៖ លោក ធូ ភា និងលោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន ព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណ គណៈធម្មយុត្តិករនិកាយខេត្ត រួមដំណើរដោយ លោក នួន សាវុធ ទីប្រឹក្សាសម្តេចសង្ឃរាជ នន្ទ ង៉ែត ព្រមទាំងមន្រ្តីរាជការ មួយចំនួនទៀត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញ និងនិមន្តចុះសាកសួរសុខទុក្ខ អនុរក្សពន្ធនាគារ និងផ្សព្វផ្សាយព្រះធម៌ដល់អ្នកទោសក្នុងពន្ធនាគារខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ព្រះគ្រូធម្មកដ្ឋាធិរាជ សាន់ លី ព្រះមេគណគណៈធម្មយុត្តិករនិកាយខេត្តប៉ៃលិន បានសម្តែងធម៌ទេសនា អំពីទ្រឹស្តី សីលទាំង៥ របស់ព្រំសាម្មាសម្ពុទ្ធ សំរាប់ឲ្យទណ្ឌិតគោរពប្រតិប័ត្ត ដើម្បីទទួលបាននូវសេចក្តីសុខ ចំរុងចំរើនក្នុងនោះមាន ទី១-បាណាតិបាត វេរមណី គឺវៀរចាកការសម្លាប់សត្វ។ ទី២-អទិន្នាទានា វេរមណី វៀរចាកនូវការលួចទ្រព្យគេ ។ ទី៣-កាមេសុមិច្ឆាចារា វេរមណី វៀរចាកការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ គឺការមិលលួចប្រពន្ធ កូនអ្នកដទៃ។ ទី៤ មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក និងទី ៥-សុរាមេរយមជ្ជប្បមាទដ្ឋានាវេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។

លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទ្រឹស្តីសីល៥ របស់ព្រះសម្មាសម្ពុទ្ធនេះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវយកទៅប្រតិប័ត្តឲ្យបានត្រឹមត្រូវ ដើម្បីសេចក្តីសុខសាន្ត សុភមង្គលក្នុងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ ទណ្ឌិតទាំងអស់ត្រូវយកទ្រឹស្តីនេះទៅគិតពិចារណា និងយកមកអនុវត្ត នៅក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសនៅពេលដែលត្រូវបានដោះលែង ឲ្យមានសេរីភាពពីពន្ធនាគារមករស់នៅ ក្នុងសង្គមគ្រួសារវិញ។ លោកបានបន្តទៀតថា កន្លងមកយើងធ្វើខុស នឹងទ្រឹស្តីសីល៥ នេះហើយទើបយើងមានទោស ដូចជាការលួច ឆក់ប្លន់ ការកាប់សំលាប់មនុស្ស ការជួញដូរគ្រឿងញៀននេះជាដើម។

ជាការពិតណាស់យើងលក់គ្រឿងញៀន យើងបានលុយ តែទង្វើរបស់យើងនេះបានធ្វើអោយក្រុមគ្រួសារដែលមានកូន មានចៅ សមាជិកគ្រួសារសេពគ្រឿងញៀន ជួបនូវភាពវឹកវរ ភាពអន្តរាយក្នុងគ្រួសារ បង្ករអំពើហិង្សារ អំពើរចោរកម្ម ដែលជាបន្ទុករបស់អាជ្ញាធរ និងរាជរដ្ឋាភិបាលទៀតផង។

លោកបានណែនាំសូមឲ្យទណ្ឌិតទាំងអស់ត្រូវមានស្មារតីភ្ញាក់រលឹកចេះកែខ្លួន ឈប់ប្រព្រឹត្តនូវអំពើខុសឆ្គងដូចកាលកន្លងទៅ ព្រោះថា បើយើងធ្វើខុសយើងនឹងទទួលទោស ទទួលកម្មពារដែលយើងបានសាង មិនអាចគេចផុតឡើយទាំងបច្ចុប្បន្នជាតិ និងអនាគតជាតិ។ ក្នុងឱកាសនោះថ្នាក់ដឹកនាំ បានផ្តល់នូវអាហារមួយពេល សំរាប់អ្នកទោសទាំងអស់ក្នុងពន្ធនាគារខេត្ត ហើយបាន ឧបត្ថម្ភថវិកាដល់អង្គភាពពន្ធនាគារខេត្ត ចំនួន៤០ម៉ឺនរៀល និងឧបត្ថម្ភដល់បុគ្គលិកពន្ធនាគារម្នាក់ ២០០០០រៀល ចំណែកលោក ឌឹន គឹម ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វា បានជួយកសាងផ្ទះបាយមួយ ជូនអង្គភាពពន្ធនាគារ និងជួយសង្កសីប្រក់ដំបូលផ្ទះបាយអ្នកទោសផងដែរ៕