(កំពង់ស្ពឺ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៤២៨គ្រួសារ (ក្នុងនោះ ៣គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ និង៤២៥គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ) រស់នៅក្នុងភូមិចំនួន២៨ ឃុំចំនួន៧ នៃស្រុកសំរោងទង ស្រុងឧដុង្គ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងពិធីចែកអំណោយនេះ ចែកចេញជាបីគោលដៅ៖ គោលដៅទី១ ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣៣៩គ្រួសារ (ក្នុងនោះរងគ្រោះដោយភ្លើងឆេះផ្ទះ៣គ្រួសារ) រស់នៅស្រុកសំរោងទង។ ចំណែកឯ គោលដៅទី២ និងទី៣ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អញ្ជើញ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៨៩គ្រួសារ រស់នៅស្រុកសំរោងទង ស្រុងឧដុង្គ និងស្រុកភ្នំស្រួច។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេស ក្តីព្រួយបារម្ភ ចំពោះជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលប្រឈម ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើង ដោយមិនអាចស្មានបាន។

ហេតុដូចនេះហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកទៅតាមស្ថានភាព រងគ្រោះ ជាក់ស្តែង របស់គ្រួសាររងគ្រោះធ្ងន់-ស្រាលនីមួយៗព្រមទាំងបានពាំនាំ​ នូវសារអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈការតាមដានសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការ ត្រៀមបង្ការផ្សេងៗទៀត។

ជាមួយគ្នានេះ គណៈប្រតិភូ បានពាំនាំសេចក្តីអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យដៃស្អាត ពាក់ម៉ាស ប្រើកន្សែង ក្រមា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ គិតគូរពីសុវត្ថិភាពចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើងជារៀងរាល់ថ្ងៃ និងត្រូវរួមគ្នាថែរក្សាសន្តិភាព រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងខិតខំប្រកបរបរបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

សូមបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត)ដូចៗគ្នា។ ដោយឡែក គ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង ទទួលបានបន្ថែម តង់ចំនួន១ និងថវិកា២០ម៉ឺនរៀល។

ចំពោះគ្រួសាររងគ្រោះច្រើនជាង៥០% ទទួលបានបន្ថែម តង់ចំនួន១ និងថវិកា១០ម៉ឺនរៀល ហើយគ្រួសាររងគ្រោះដោយទទួលបានបន្ថែមថវិកា៥ម៉ឺនរៀល។ រីឯគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលបានក្នុង១គ្រួសារ អង្ករ៥០គីឡូក្រាម តង់១ កន្ទេល១ ឃីត១ ទឹកត្រីទឹកស៊ីអ៉ីវ១យួរ ទឹកដោះគោ១កំប៉ុង ប្រេងឆា១ដប នំធុង១ធុង និងថវិកា៤០ម៉ឺនរៀល៕