(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានប្រគល់ម៉ាស៉ីនបាញ់ថ្នាំ សម្លាប់មេរោគជូន លោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (JOSELJ ZUNIGA ) អនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជា ដែលទើបតែបញ្ចប់អាណត្តិ។

ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលនេះ គឺធ្វើឡើងដើម្បីទំនាក់ទំនងល្អនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន និយាយជារួម គឺបង្កើនចំណងសាមគ្គីភាពជាមួយកងពលតូចលេខ៧០។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូន លោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (JOSELJ ZUNIGA) ថាកម្ពុជាមានសន្តិភាព មានការអភិវឌ្ឍ ក្នុងកងយោធពលខេមរភូមិន្ទ ក៏មានការរីកចម្រើនជាលំដាប់ទាំងសម្ភារប្រើប្រាស់ និងមានជំនាញច្បាស់លាស់។

ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានចូលរួមមរណទុក្ខ និងសោកស្ដាយបំផុត ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនហ្វីលីពីន ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ក៏បានជូនពរឲ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ របស់លោកវរសេនីយ៍ឯក ប្រកបដោយសុវត្ថិភាព៕