(កំពង់ស្ពឺ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិកាកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៣៣៦គ្រួសារ មកពីឃុំសំបូរ ចំនួន៣២៤គ្រួសារ និងឃុំសំរោងទង១២គ្រួសារ នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពិធីចែកអំណោយ បានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ អមដំណើរដោយលោកស្រី ខេង សំវ៉ាដា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំរោងទង, លោក វ៉ី សំណាង អភិបាលខេត្ត, លោក ស៊ីម រតនៈ អភិបាលស្រុកសំរោងទង, នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត, សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមស្រុកផងដែរ។

លោកស្រី ពុំ ចន្ទីនី បានពាំនាំផ្តាំផ្ញើក្តីនឹករលឹក សួរសុខទុក្ខ និងសេចក្តីសោកស្តាយចំពោះការបាត់បង់របស់ជនរងគ្រោះទាំងអស់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់។

លោកស្រីថ្លែងថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់ពួកគាត់ជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា៕