Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនប្រដាប់អាវុធ តាមបាញ់ប្លន់មុខផ្ទះ នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន យកអស់ទ្រព្យសម្បត្តិមួយចំនួន

17-01-2016 17:17

(ភ្នំពេញ)៖ ជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានបាញ់ប្លន់ យកទ្រព្យសម្បត្តិពីជនរងគ្រោះពេលចេញពីផ្ទះ មកឡើងរថយន្តប្រុងបើកចេញ ស្ថិតនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ខណៈជនរងគ្រោះចេញពីផ្ទះ ហើយដើរសំដៅទៅរករថយន្ត ប្រុងបើកចេញស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូគ្រឿង២គ្រឿង បានភ្ជង់ និងបាញ់គំរាមរួចហើយ ឆក់យកកាបូបលុយ ដោះយកគ្រឿងអលង្ការឡើងជិះម៉ូតូគេចខ្លួនបាត់។ យ៉ាងណាក៏ដោយ ជនរងគ្រោះ មិនមានរងរបួសនោះទេ ហើយសម្រាប់ទ្រព្យសម្បត្តិដែលបាត់បង់នោះ ក៏មិនទាន់ដឹងថា អស់ប៉ុន្មានដែរ ដោយនៅពេលនេះកម្លាំងសមត្ថកិច្ច បានចុះទៅសួរនាំជនរងគ្រោះនៅកន្លែងកើតហេតុ។

សម្រាប់ករណីនេះ មន្រ្តីនគរបាល ខណ្ឌចំការមន បានឲ្យដឹងថា ជនខណៈជនរងគ្រោះ២នាក់ប្តី-ប្រពន្ធ ដើរចេញពីផ្ទះសំដៅ ទៅរករថយន្ត ហើយពេលនោះ ជនសង្ស័យ៤នាក់ បានជិះមកឆក់កាបូបពីជនរងគ្រោះជាប្រពន្ធ។ នៅពេលដែលឃើញចោរឆក់កាបូបពីប្រពន្ធយ៉ាងដូច្នេះ បុរសជាប្តី ប្រុងទាញដែកទៅវាយក្រុមចោរ ទើបពួកវាបាញ់មួយគ្រាប់តែម្តង។ មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយការសួរនាំ ជនរងគ្រោះជាប្តីឆ្លើយថា អស់លុយប្រមាណ១០០០ដុល្លារ រីឯប្រពន្ធឆ្លើយថា អស់ប្រមាណ៥០០០ដុល្លារ ដូច្នេះគឺស្ថិតក្រោមការសាកសួរបន្តទៀត៕