(ត្បូងឃ្មុំ) ៖ គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ ប្រតិបត្តិការចុះឆែកឆេរ និងធ្វើការត្រួតពិនិត្យ នៅឃ្លាំងស្តុកឈើដ៏ធំរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅមិនទាន់បញ្ចប់នៅឡើយទេ ក្រោយពីចាប់ផ្តើមតាំងពីព្រឹកមកនោះ។

ជំនួយការព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ត បានប្រាប់អង្គភាព Fresh News ថា ប្រតិបត្តិការនេះ អាចបន្តដល់ថ្ងៃស្អែក ពីព្រោះឈើ មើលទៅមានទំហំរាប់រយម៉ែត្រគូបឯណោះ។ នៅពេលសួរថាតើ ឈើទាំងនោះមានច្បាប់អនុញ្ញាត ឫមួយយ៉ាងណា?​ មន្រ្តីរូបនេះឆ្លើយថា ភាគច្រើនមានច្បាប់ បើទោះមានលើស ក៏លើសតិចតួចដែរ ប៉ុន្តែត្រូវរង់ចាំការរាប់ចប់សិន ដោយល្ងាចនេះមិនទាន់ចប់ នឹងបន្តទៅថ្ងៃស្អែកទៀត។

មន្រ្តីអាវុធហត្ថ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ខណៈដែលកម្លាំងសមត្ថកិច្ចចម្រុះចូលទៅឆែកឆេរនោះ ខាងតំណាងឃ្លាំងឈើ បានយកឯកសារមកផ្ទៀងផ្ទាត់ជាមួយមន្រ្តី ដោយបញ្ជាក់ថា ឈើរបស់ពួកគេទាំងនោះ មានច្បាប់ត្រឹមត្រូវ។ ខណដែលកម្លាំងសមត្ថកិច្ចចុះឆែកឆេរនៅឃ្លាំងស្តុកឈើ របស់ឧកញ៉ាខ្នា មិនទាន់ចប់ផងនោះ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ច ក៏បានបន្តទៅបង្ក្រាបបទល្មើសមួយកន្លែង ស្ថិតនៅខាងក្រោយវរៈការពារ ព្រំដែនលេខគោក៦១៧ នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដែលគេលួចបង្ហើបថា ជាឈើរបស់មន្រ្តីនគរបាលវរៈម្នាក់មានឈ្មោះ វី ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើឈើទាំងនោះមានប៉ុន្មានដុំ និងប្រភេទឈើអ្វីនោះឡើយ៕

គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់នេះ សមត្ថកិច្ចបាននឹងកំពុងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ នៅឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា(ត្បូងឃ្មុំ)៖ គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងមន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ដឹកនាំ ដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ត បាន និងកំពុងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ (PC) នៅក្នុងឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ថិតនៅចំណុចបបោះ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។តាមសមត្ថកិច្ចដែលចូលរួមក្នុងការត្រួតពិនិត្យ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ (PC) នេះ អាចរហូតដល់ល្ងាចទើបចប់ ព្រោះមានឯកសារច្រើនត្រូវត្រួតពិនិត្យ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើចំនួនឈើប៉ុន្មានដែលសមត្ថកិច្ចរកឃើញនោះទេ? ហើយក៏មិនទាន់ដឹងថា តើឈើទាំងនោះមានច្បាប់អនុញ្ញាតដែរឫទេ?៕

Posted by Fresh News on Saturday, January 16, 2016