(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក​ម្ពុជា​​ បានប្រកាសអំពា​វនាវឲ្យប្អូនជនរួមជាតិ ចូលរួមថែរក្សាប្រា​ង្គប្រា​​សាទខ្មែរ ឲ្យនៅគង់វង្ស​យូរអ​ង្វែង ដើម្បីសម្រាប់កូនខ្មែរគ្រប់ជំនាន់។ នេះបើយោងតាមការបង្ហោះឲ្យដឹង នៅលើបណ្តាញសង្គម Facebook របស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។

Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងថា «ប្រាង្គប្រាសាទខ្មែរ ជាកេរមរតកដូនតា ដ៍មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបង្ហាញពិភពលោក ឲ្យបានស្គាល់កម្ពុជា។ ប្រាសាទកម្ពុជា កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលបាននឹងកំពុងផ្តល់នូវមុខរបរ ការងារដល់ពលរដ្ឋខ្មែរ។ ​សូមបងប្អូនជនរួមជាតិចូលរួម ថែ​រក្សាប្រាង្គប្រាសាទខ្មែរឲ្យនៅគង់វង្សយូរអង្វែង ដើម្បីសម្រាប់កូនខ្មែរគ្រប់ជំនាន់»

អមនឹងសារអំពាវនាវនេះ Facebook របស់សម្តេចតេជោ ហ៊ុន សែនក៏បានដាក់នូវឃ្លីបវីដេអូមួយ ដែលមានរយៈជាង៦នាទី។ វីដេអូនេះ បានបង្ហាញពីទេសភាពដ៍ស្រស់ស្អាត របស់ប្រាង្គប្រាសាទខ្មែរ ជាច្រើនកន្លែងដែលស្ថិតនៅតំបន់អង្គរ ដែលស្ថិតនៅ លើទឹកដីខេត្តសៀមរាប។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ ដែលផ្តល់ដោយ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កម្ពុជាទទួលបានចំណូលជាង ៦០លានដុល្លារ ពីការលក់សំបុត្រដល់ភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។ ក្នុងនោះឆ្នាំ២០១៥ មានភ្ញៀវទេសចរប្រមាណ ២.១០០.០១៨នាក់ បានចូលទៅទស្សនារមណីយដ្ឋានអង្គរ ដែលមានការកើនឡើងប្រមាណ ១,៩៦ភាគរយ ហើយទទួលបានចំណូល ៦០.០៥៣.៧០០ ដែលកើនឡើង១,២០ភាគរយ។

រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចយកការគ្រប់គ្រង លក់សំបុត្រចូលទស្សនាតំបន់អង្គរ​ ពីក្រុមហ៊ុន សុខ គង់ ឱ្យមកឋិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ចាប់ពីឆ្នាំ២០១៦តទៅ៕

Video : ទស្សនាប្រាសាទកម្ពុជា

កម្ពុជាសូមស្វាគមន៍ !Welcome to Cambodia! ប្រាង្គប្រាសាទខ្មែរជាកេរមរតកដូនតាដ៍មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានបង្ហាញពិភពលោកអោយបានស្គាល់កម្ពុជា។ ប្រាសាទកម្ពុជា កំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលបាននឹងកំពុងផ្តល់នូវមុខរបរ ការងារដល់ពលរដ្ឋខ្មែរ។ សូមបងប្អូនជនរួមជាតិចូលរួមថែរក្សាប្រាង្គប្រាសាទខ្មែរអោយនៅគង់វង្សយូរអង្វែងដើម្បីសម្រាប់កូនខ្មែរគ្រប់ជំនាន់៕

Posted by Samdech Hun Sen, Cambodian Prime Minister on Saturday, January 16, 2016