(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសខ្លាំងៗដោយព្រមានចាប់ខ្លួនជនណា ដែលបំផុសបំផុលមិនឲ្យចាយលុយដុល្លារប្រកាសប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រួមទាំងអ្នកដែលហ៊ានកាត់ទឹកក្រដាសប្រាក់ទាំងនេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះថា «នរណាដែលប្រកាសថា គេឈប់ចាយប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រកឃើញចាប់ឲ្យបាន បើនៅតែបន្តចាប់ខ្លួនទៅ ទោះបីគុកចង្អៀតតែគុកនៅអាចដាក់បាន អ្នកឯងបំផ្លាញជាតិហើយមិនទុកទេ។ ឥឡូវសុំចាយទៅ ហើយបន្ទាប់ពីចាយទៅ ប្រហែលជាធនាគារគេមិនបញ្ចេញមកវិញទេ គេបានប្រកាសហើយ តែគ្មានការខាតបង់សម្រាប់ប្រជាពលរដ្ឋនោះទេ ហើយសុំឲ្យដឹងបើមានផ្នែកណាមួយ កន្លែងប្តូរប្រាក់ កាត់ទឹកសុំប្តឹងបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចភ្លាម ហើយយើងនឹងចុះទៅភ្លាម ដើម្បីដោះស្រាយ អត់មានឲ្យការកាត់ទឹកនោះទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះជនមួយចំនួន ដែលចោទសម្តេចថា ទាត់ចោលលុយដុល្លារ ស្រវាយកលុយយន្តរបស់ចិនមកប្រើប្រាស់ ក្នុងទីផ្សារកម្ពុជាថា ជាការលើកឡើងរបស់មនុស្សចង្រៃ ដែលមិនអាចឲ្យមានការរួបរួមគ្នាបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ចំពោះការចាយវាយប្រាក់ដុល្លារប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ព្រោះថាគ្រប់ធនាគារទាំងអស់ នៅតែទទួលក្រដាសប្រាក់ប្រភេទនេះ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ធ នាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាអំពី បញ្ហាប្រឈមនៃចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជាជាមួយតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។

ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ អង្គប្រជុំបានឯកភាពដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

* ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។

* បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូន ចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ។

* ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចទាំងស្រុង ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា ក៏បញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ៕