(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ផ្តល់នូវថវិកាមួយចំនួន រួមទាំងសម្ភារៈសិក្សា និងគ្រឿងឧបរិភោគ បរិភោគ ដើម្បីឧបត្ថម្ភជូនដល់កុមារា កោះ វ៉ាន់ឃីម ដែលមានជំងឺដុះសាច់ក្នុងពោះ មើលទៅគួរឲ្យអាណិតអាសូរជាទីបំផុត។

ពិធីប្រគល់អំណោយនេះ រៀបចំឡើងនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។

សូមបញ្ជាក់ផងដែរថា កុមារា កោះ វ៉ាន់ឃីម ជាក្មេងកំព្រាឪពុក-ម្តាយតាំងពីតូច ហើយមានជំងឺប្រចាំកាយ តាំងពីកំណើតមក គឺជំងឺដុះសាច់ក្នុងពោះ។ សព្វថ្ងៃក្មួយប្រុសរស់នៅ​ជាមួយ ជីដូនឈ្មោះ ឆៃ សុំ អាយុ៧៤ឆ្នាំ មានស្រុកកំណើត នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

បន្ទាប់ពីសំណេះសំណាល និងប្រគល់អំណោយរួចមក មន្ត្រីកាកបាទក្រហមកម្ពុជា ក៏បានរៀបចំរថយន្ត ដើម្បីជូនដំណើរកុមារា កោះ វ៉ាន់ឃីម ត្រឡប់ទៅកាន់លំនៅដ្ឋានវិញដែរ។ បន្ទាប់ពីការឧបត្ថម្ភចំពោះកុមារា កោះ វ៉ាន់ឃីម រួចមកកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដល់តំណាងក្រុមយុវជនស្ម័គ្រចិត្ត តាមភូមិដែលកន្លងមកបានជួយនាំកុមារានេះ មកព្យាបាល​នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។

រយៈពេលកន្លងមកនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏ធ្លាប់បានជួយឧបត្ថម្ភដល់កុមារា វ៉ាន់ឃីម នូវថវិកាមួយចំនួនផងដែរ៕