(តាកែវ)៖ ប្រជាពលរដ្ឋក្រីក្រ ចំនួន៥៥៥គ្រួសារ ស្ថិតនៅក្នុងមូលដ្ឋានឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ទទួលបានអំណោយពីព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សាវត្តបុរាណនិវេសន៍ ហៅវត្តប្រាសាទនាងខ្មៅ និងស្ថានីយ៍វិទ្យុពន្លឺត្រៃរតន៍។

ពិធីសំណេះសំណាល និងចែកអំណោយនេះធ្វើឡើងក្រោមវត្ដមាន លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកសំរោង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ក្នុងនោះក៏មានការចូលរួមពី លោក មុំ សោភ័ណ្ឌ ទីប្រឹក្សាអមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកសំរោង, លោក កេត ម៉ៅ អភិបាលស្រុក រួមដំណើរដោយលោកអភិបាលរងស្រុក លោកមេឃុំ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំរវៀង។

ប្រជាពលរដ្ឋក្រីក្រទាំង៥៥៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា៥,០០០រៀល អង្ករ២៥គីឡូក្រាម ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ ៣ដប ស្ករស១គីឡូក្រាម អំបិល១កញ្ចប់ និងមី៥កញ្ចប់។

ក្នុងឱកាសនោះ ក្រុមការងារ ក៏ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនឹងអាកុល និងសាប៊ូជាប់ប្រចាំ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ១៩ សរុប១២៥ករណី ដោយក្នុងនោះ មានអ្នកជំងឺ១២៣នាក់ បានជាសះស្បើយ និង ២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕