(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហោ វាសនា អភិបាលរងខណ្ឌ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បានបន្តនាំយក អំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ផ្តល់ជូនដល់ ប្រជាពលរដ្ឋ តាមលំនៅឋាន ដែលមន្ត្រីកាកបាទក្រហមខណ្ឌ ចុះពិនិត្យស្ថានភាពផ្ទាល់ និងឃើញពីការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រមាណ៣០គ្រួសារ នៅសង្កាត់ព្រែកឯង។

អំណោយដែលចែក ជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១០កញ្ចប់ ទឹកសុទ្ឋឱរ៉ាល់១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ត្រីខ០៥កំប៉ុង, ខ្ទះឆា១, ឆ្នាំង១, ទឹកដោះគោ២កំប៉ុង, ស្ករស១គីឡូក្រាម, តែ៣កញ្ចប់ និងឃីត០១ កញ្ចប់ (រួមមាន សារុង១+ក្រមា១ + ភួយ១+មុង១) និងថវិកា៣ម៉ឺនរៀល។

លោក អ៊ាង ស៊ីផាន បានបញ្ជាក់ថា អំណោយទាំងនេះ បានសប្បុរសជនជួយឧបត្ថម្ភ គាំទ្រអនុសាខាកាកបាទក្រហមខណ្ឌ ហើយត្រូវបានក្រុម ការងារបែងចែក ជូនប្រពលរដ្ឋទីទ័លក្រ ជនចាស់ជរា គ្មានទីពឹង នៅតាមបណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដោយឡែកថ្ងៃនេះ ក្រុមការងារចុះចែកនៅសង្កាត់ព្រែកឯង ចំនួន៣០គ្រួសារ ហើយលោកអភិបាលខណ្ឌដឹកនាំ ក្រុមការងារចុះផ្ទាល់ តាមលំនៅដ្ឋាន ដើម្បីនាំអំណោយមនុស្សធម៌ ដោយមិនប្រកាន់និន្នាការ នយោបាយឡើយ។

លោក អ៊ាង ស៊ីផាន បានបន្ថែមទៀតថា ជានិច្ចកាលក្រុមការងារ អនុសាខាកាកបាទក្រហមខណ្ឌ តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ គ្រួសារក្រីក្រ គ្រួសាររងគ្រោះ ដោយអគ្គិភ័យ អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋ នូវបញ្ហាប្រឈមនានាក្នុងសង្គម និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន៕