(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ និង២០លានរៀល ជូនគ្រួសារសពឧត្តមសេនីយ៍ទោ ស សាវី ដែលទទួលមរណភាព ដោយសារជំងឺកូវិដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋម៉ាលី។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ថា ក្នុងនាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់កងកម្លាំងកម្ពុជាគ្រប់ប្រភេទ មិនថាតែកម្លាំងទ័ពមួកខៀវកម្ពុជា ដែលចេញទៅបំពេញបេសកម្មនៅក្រៅប្រទេសនោះទេ។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានឱ្យដឹងថា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី មានក្តីតក់ស្លុតក្តុកក្តួល ក្នុងចិត្តឥតឧបមាដែលលោកឧត្តមសេនីយ៍ទោ ស សាវី នាយករង វិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី ក្នុងតួនាទីជានាយទាហានគាំទ្រថ្នាក់ជាតិ បានទទួលមរណភាព ក្នុងអំឡុងពេលកំពុងបំពេញបេសកកម្ម។

បើតាមលោកឧត្តមសេនីយ៍ឯក ផល សាម៉ន សពរបស់ឧត្តមសេនីយ៍ទោ ស សាវី និងសពកងទ័ពមួកខៀវមកពីប្រទេសអេលសាវ៉ាឌ័រ នឹងត្រូវរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ នៅក្នុងប្រទេសតំបន់ប្រតិបត្តិការរបស់ក្នុងខ្លួនក្នុងប្រទេសម៉ាលី ឱ្យសាកសមទៅនឹងកិត្តិយស និងការលះបង់របស់វីរៈកងទ័ពទាំងពីររូប ក្នុងដំណើរបំពេញ បេសកម្មរក្សាសន្តិភាពរបស់ខ្លួន ក្រោមឆត្រអង្គការសហប្រជាតិ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានភរិយាឈ្មោះ ប្រាក់ ពៅ អាយុ៤៩ឆ្នាំ មានកូន៣នាក់ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសម៉ាលី បន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕