(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ មានប័ណ្ណសមធម៌ ចំនួន២២១គ្រួសារ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញអមដំណើរដោយពីលោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងគង ស្រុកសំរោងទង ព្រមទាំងលោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងគង និងអាជ្ញាធរមូលដ្ឋាននៃស្រុកសំរោងទងចូលរួមផងដែរ។

ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រទាំង២២១គ្រួសារ កិត្តិសេដ្ឋាបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចតែងតែមានក្តីបារម្ភ និងគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបទូទាំងប្រទេស ដែលតាមរយៈក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ថ្ងៃនេះយើងខ្ញុំបាននាំមកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២០គ.ក្រ មីចំនួន១០កញ្ចប់ ទឹកត្រីចំនួន៣ដប ទឹកស៊ីអ៊ីវ៣ដប ប្រេងឆា១ដប និងអំបិលចំនួន១គ.ក្រ សម្រាប់ជួយសម្រួលជីវភាពលំបាករបស់បងប្អូន។

កិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ក្នុងស្ថានភាពដ៏អាក្រក់នេះ មិនថាប្រទេសកម្ពុជា ឬប្រទេសណាមួយនោះទេ គឺពិភពលោកទាំងមូល កំពុងជួបប្រទះនឹងស្ថានភាពមួយដ៏គួរឱ្យព្រួយបារម្ភ និងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត ពីការរាតត្បាតនៃមេរោគកូវីដ១៩។ ស្ថានភាពដ៏អាក្រក់នេះ បានធ្វើឲ្យប្រទេសទាំងអស់ទូទាំងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចជាសកល ដែលទាមទារឱ្យយើងរួមគ្នាដោះស្រាយ។

លោកបានបន្តថា ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវយន្តការដោះស្រាយជាបន្តបន្ទាប់ ដែលក្នុងគ្រានេះ រាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចសំខាន់មួយ គឺការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ផ្សេងៗទៀត នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំដោយក្រសួងផែនការ ដែលក្នុងនេះក្រសួងបានធ្វើដំណើរការកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងកូវីដ-១៩នេះ នៅតាមទីជនបទ បានចប់សព្វគ្រប់ហើយដែរ ហើយការអនុវត្តកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ នៅទីប្រជុំជន យើងនឹងគ្រោងបញ្ចប់ក្នុងចុងខែមិថុនា ឆ្នាំ២០២០នេះផងដែរ ដើម្បីត្រៀមផ្តល់ជំនួយសម្រួលទុក្ខលំបាកជូនដល់ពួកគាត់។

លោកបានបន្ថែមថា នៅក្នុងឃុំត្រពាំងគង ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលកូវីដ-១៩នេះ យើងបានរកឃើញមានចំនួន៨៩គ្រួសារក្រីក្រ បន្ថែមទៀត ដែលត្រូវយកចិត្តទុកដាក់ គិតគូរចំពោះពួកគាត់ រួមនឹងគ្រួសារក្រីក្រផ្សេងៗទៀត ទូទាំងប្រទេសផងដែរ។

ជាទីបញ្ចប់ កិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពឲ្យបានល្អ ទោះក្នុងស្ថានភាពបែបណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមសុខទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងនៅតែអាចគ្រប់គ្រងបានស្ថានការណ៍ដ៏អាក្រក់នេះប្រកបដោយប្រសិទ្ធភាព ព្រមជាមួយនឹងបន្តការ រក្សាបាននូវ សុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ បន្តការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋ ជាពិសេសការរក្សាបាននូវស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ៕